ភ្នំពេញ ៖ លោក ខៃរ៉ូល ហាហ្វីស នាយកអង្គការមុស្លិមអេដកម្ពុជា (Muslim Aid Cambodia, MAC) បានបញ្ជាក់ថា ផលប្រយោជន៍នៃការចិញ្ចឹមគោ ប្រៀបបានធនាគារសន្សំប្រាក់ គឺអាចផ្តល់ជាសាច់ ទឹកដោះ ស្បែក ឆ្អឹង និងលាមកផលិតជីធម្មជាតិ ជាហ្គាសសម្រាប់ប្រើចំអិនអាហារជាប្រចាំ ។
ក្នុងសិក្ខាសាលា ស្តីពី ការលើកស្ទួយការចិញ្ចឹមសត្វ ជាលក្ខណៈគ្រួសារ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងកង្វះអាហារូបត្ថម្ភនៅកម្ពុជា នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ លោក ខៃរ៉ូល ហាហ្វីស បានថ្លែងថា គោលនយោបាយរបស់អង្គការ គឺចែកគោជូនពលរដ្ឋ ការបណ្តុះបណ្តាលបច្ចេកទេសការជ្រើសរើស បង្កាត់ពូជ ចិញ្ចឹម ផលិតចំណី ការការពារ ព្យាបាលជំងឺ និងទីផ្សារផងដែរ ។
លោកមានប្រសាសន៍ថា “ផលប្រយោជន៍នៃការចិញ្ចឹមគោប្រៀបបានធនាគារសន្សំប្រាក់ គឺវាអាចផ្តល់ជាសាច់ ទឹកដោះ ស្បែក ឆ្អឹង និងលាមកផលិតជីធម្មជាតិ ផលិតជាហ្គាស សម្រាប់ប្រើចំអិនអាហារ កាត់បន្ថយការប្រើឈើធ្វើពីអុស និងធ្យូង ជាពិសេសកាត់បន្ថយ ផលប៉ះពាល់បរិស្ថានទៀតផង។ ទាំងអស់នេះ គឺជាប្រាក់ចំណូលនិរន្តភាព សម្រាប់គ្រួសារកសិករនៅជនបទ”។
ចំណែកលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការលើកកម្ពស់សេវាសុខភាពសត្វ ការការពារ បង្ការទប់ស្កាត់ជំងឺរាតត្បាតសត្វ ការធានាសុវត្ថិភាពសាច់ ផលិតផលសត្វដែលកម្ពុជា បានបំពេញកាតព្វកិច្ច ក្នុងក្របខណ្ឌ អង្គការពាណិជ្ជកម្មពិភពលោក (WTO) អង្គការសុខភាពសត្វពិភពលោក (OIE) និងការធ្វើសមាហរណកម្មកម្ពុជា ក្នុងអាស៊ាន និងក្នុងសាកលលោក។
ឆ្លៀតឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកវិស័យកសិកម្ម ជាវិស័យសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ៕ ដោយ ៖ អេង ប៊ូឆេង