ភ្នំពេញ៖ ស្រ្ដីជនជាតិអង់គ្លេស ដែលមានឈ្មោះ Amelia Bambridge ដែលបានបាត់ខ្លួន នៅលើកោះរ៉ុងសន្លឹម កាលពីសប្តាហ៍មុននោះ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ បានរកឃើញហើយ ដោយសាកសពអណ្ដែត នៅលើផ្ទៃសមុទ្រនៅចំណុច ( ខន ដរ ) ក្បែរព្រំដែនសមុទ្រកម្ពុជា-ថៃ។ នេះបើតាមហ្វេសប៊ុក របស់លោកឧកញ៉ា ទៀ វិចិត្រ។
ហ្វេសប៊ុកលោកឧកញ៉ា ទៀ វិចិត្រ បង្ហាញថា “រកឃើញហើយ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ សហការជាមួយនឹងក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូត កម្ពុជា បានស្វែងរកស្រ្ដីជនជាតិអង់គ្លេស ដែលមានឈ្មោះ Amelia Bambridge អស់រយៈពេល៧ថ្ងៃមកដល់ថ្ងៃ៣១ ខែតុលានេះ បានជួបប្រទះឃើញសាកសព ស្រ្ដីរងគ្រោះអណ្ដែត នៅលើផ្ទៃសមុទ្រនៅចំណុច ( ខន ដរ ) ក្បែរព្រំដែនសមុទ្រកម្ពុជា-ថៃ”។
សូមបញ្ជាក់ថា នារីដែលបាត់ខ្លួនមានឈ្មោះ BAMBRIDGE AMELIA LOUISE ភេទស្រី កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៨ សញ្ជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥៣១៨៩០៨៣៣បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅគោលដៅក្រុងកោះរ៉ុង នៅម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ មកដល់កោះរ៉ុងនៅម៉ោង៦ល្ងាច។
នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅម៉ោង៨:១៥នាទីយប់ ថ្ងៃខែឆ្នាំដដែលក្នុងគោលបំណង ទេសចរណ៍។
មុនបាត់ខ្លួន គេបានប្រទះឃើញនារីនោះលើកចុងក្រោយ នៅម៉ោង៣:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយ នៅឆ្នេរកោះរ៉ុង(Police Beach) ក្រោយមកក៏បាត់ដំណឹងតែម្តង។
ក្នុងសមត្ថកិច្ចមូលដ្ឋានបានរកឃើញកាបូប និងសម្ភារៈមួយចំនួនរបស់នាង នៅលើផ្ទាំងថ្មជាប់ឆ្នេរ ក្បែរកន្លែងធ្វើពិធីជប់លៀង នោះផងដែរ៕






