ព័ត៌មានជាតិ

ពលរដ្ឋមណ្ឌលគិរី នឹងទទួលអត្ថប្រយោជន៍ ពីព្រឹត្តិការណ៍ទេសចរណ៍

ភ្នំពេញ ៖ លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរីបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងខេត្តទាំងមូល នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ពីព្រឹត្តិការណ៍ទេសចរណ៍ “រម្យនា ហ្វេសស្ទីវ៉ល” ចាប់ពីថ្ងៃទី៩-១២ វិច្ឆិកា ខាងមុខ នៅកណ្ដាលក្រុងសែនមនោរម្យ ។

ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៩នេះ ភ្ញៀវទេសចរមកទស្សនា ខេត្តមណ្ឌលគិរី ចំនួន១៩,៣៨៩នាក់ ក្នុងនោះ ទេសចរជាតិចំនួន ១៨៤,០១២នាក់ និងអន្ដរជាតិចំនួន ១០,៣៧៧នាក់។

ព្រឹត្តិការណ៍ទេសចរណ៍រម្យនា ហ្វេសស្ទីវ៉ល ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយទីតាំង និងកំណប់ទ្រព្យទេសចរណ៍ នៅមណ្ឌលគិរី រួមមាន ៖ ភ្នំ ទឹកជ្រោះ និងទេសភាពដ៏ស្រស់បំព្រងនានា នៃធនធានធម្មជាតិ ដែលជាអេកូទេសចរណ៍ យ៉ាងសំខាន់សម្រាប់មណ្ឌលគិរី។

រម្យនា ហ្វេសស្ទីវ៉ល គ្រោងធ្វើឡើងចំនួន៤ដង ដូចជា ៖ ទី១-ពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី៩-១២ វិច្ឆិកា ,ទី២-ពិធីបុណ្យណូអែល និងចូលឆ្នាំសកល ចាប់ពីថ្ងៃទី២៤ ធ្នូ ដល់ ២ មករា ឆ្នាំ២០២០ , ទី៣-ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងទី៤-ពិធីចូលឆ្នាំប្រពៃណីខ្មែរ ។

ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ងិន សុវិមាន មានប្រសាសន៍ថា “កម្មវិធីព្រឹត្តិការណ៍ទេសចរណ៍ រម្យនា ហ្វេសស្ទីវ៉ល នឹងមានអត្ថប្រយោជន៍ ទៅដល់ប្រជាពលរដ្ឋ រស់នៅខេត្តមណ្ឌលគិរី។ ជាពិសេស សេវាកម្មស្នាក់នៅ ក៏ទទួលបានផលប្រយោជន៍ អ្នកលក់ដូរក៏ទទួលបានផលប្រយោជន៍ នឹងមានជាច្រើនទៀត ដែលទទួលបានផលប្រយោជន៍ ពីព្រឹត្តិការណ៍នេះ”។

ប្រធានមន្ទីរទេសចរណ៍មណ្ឌលគិរីរៀបរាប់ទៀតថា ផ្ទៃដីមណ្ឌលគិរីគ្របបណ្ដប់ ទៅដោយព្រៃឈើ ប្រជុំភ្នំ ខ្ពង់រាប និងសំបូរទៅដោយជ្រលងដងអូរ ខ្វាត់ខ្វែង បង្កើតបានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែង។ ក្រៅពីនេះ មណ្ឌលគិរី មានជនជាតិដើមភាគតិចជាច្រើន បានរស់នៅមានវប្បធម៌ផ្សេងៗគ្នា និងអាចអភិវឌ្ឍន៍ជាទេសចរណ៍ ជនជាតិដើមភាគតិចបានផងដែរ។

ចំណែកស្ថាបនិក រម្យនា ហ្វេសស្ទីវ៉ល កញ្ញា ឆរដ្ឋ ឆលាភី បានថ្លែងថា “ភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ ដែលបានធ្វើដំណើរ ទៅលេងមណ្ឌលគីរី តែងតែរីករាយសប្បាយ និងចងចាំពីទេសភាពដ៏ស្រស់ត្រកាល នៃសម្រាប់ធម្មជាតិ។ មណ្ឌលគិរីជាខេត្ត ដែលមានអំណោយផលធាតុអាកាស ធ្វើឲ្យអ្នកទេសចរមកកំសាន្ដម្ដងហើយ ចង់មកម្ដងទៀត” ។

កញ្ញាបន្ថែមថា ព្រឹត្តិការណ៍ទេសចរណ៍ រម្យនា ហ្វេសស្ទីវ៉ល ជាការលំហែទេសចរណ៍ បង្កើតទីតាំងបោះតង់មានគុណភាពខ្ពស់ ដោយរៀបចំផ្នែកបន្ទប់អនាម័យស្ដង់ដា រួមទាំងបំពាក់ម៉ាស៊ីនទឹកក្ដៅ ។ កញ្ញាថា ដើម្បីឲ្យការកំសាន្ដ បោះតង់បែបច្នៃប្រឌិតនេះ កាន់តែមានសុខភាព សម្រាប់ភ្ញៀវទេសចរ ក្នុងតង់នីមួយៗ មាន ពូក ខ្នើយខ្យល់ ភួយ និងចង្កៀង ដែលអាចសាកថ្មគ្រឿងអេឡិចត្រូនិចផងដែរ៕
ដោយ ៖ អេង ប៊ូឆេង

To Top