ភ្នំពេញ៖ ទីបំផុតទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានសម្រេចយកទឹកដីថៃ ជាកន្លែងឈរជើង ដើម្បីចូលមកស្រុកខ្មែរវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ។ នេះបើតាមសេចក្តីថ្លែងការណ៍ របស់អតីតគណបក្សសង្គ្រោះជាតិ។
យោងតាមសេចក្តីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃទី២ វិច្ឆិកា បានឲ្យដឹងថា ថ្កោលទោសយ៉ាងដាច់អហង្ការ ក្នុងការ ប្រើប្រាស់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា រារាំង និងទប់ស្កាត់ការធ្វើមាតុភូមិនិវត្តិន៍ របស់អតីតថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកសម រង្ស៊ី។ ប្រភពបន្តថា ការរារាំង និងការទប់ស្កាត់ដំណើរមាតុភូមិ និវត្តន៍នេះ គឺជាទង្វើរំលោភបំពានយ៉ាងធ្ងន់ធ្ងរ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា “ទោះជាមានការគម្រាមកំហែង ការរារាំងការទប់ស្កាត់ តាមគ្រប់មធ្យោបាយ និងការ បំភ្លៃព័ត៌មានគ្រប់រូបភាពយ៉ាងណាក៏ដោយ លោក សម រង្សី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរ យ៉ាងម៉ឺងម៉ាត់ ក្នុងការវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ តាមការគ្រោងទុក ដោយឥតប្រែប្រួល ។ គណៈកម្មការរៀបចំ ដំណើរមាតុភូមិនិវត្តន៍ របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានកំណត់យកប្រទេសថៃ ជាច្រកឆ្លងកាត់ ចូលមកកាន់ប្រទេសកម្ពុជា”។
ប្រភពបន្ថែមថា ការធ្វើមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី គឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយបញ្ហាជាតិ ដែលកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរ នាពេលបច្ចុប្បន្ន ដោយរួមមាន ការសង្គ្រោះជីវភាពពលរដ្ឋខ្មែរ ការការពារប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និង SP ពីអាមេរិក ការស្តារយុត្តិធម៌សង្គម សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
សូមជម្រាបថា លោក សម រង្ស៊ី ធ្លាប់បានប្រកាសជាសាធារណៈ ក្នុងកិច្ចសម្ភាសន៍ ជាមួយវិទ្យុបារាំងអន្តរជាតិថា លោក នឹងប្រាប់ពីគម្រោងទីតាំង ដែលមកកាន់កម្ពុជាវិញ នៅថ្ងៃទី ៦វិច្ឆិកា ពោលគឺមុន៣ថ្ងៃ នៃការវិលមកវិញ ប៉ុន្តែពេលនេះ ក្រុមលោកបានប្រកាស មិនដូចអ្វីដែលលោកសម រង្ស៊ី និយាយនោះទេ៕