ភ្នំពេញ៖ ក្រោយពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសបញ្ជាក់ពីការធ្វើមាតុភូមិនិវត្តន៍ នៅថ្ងៃទី៩ វិច្ឆិកា ព្រមទាំងសន្យាដំឡើង ឋានន្តរ ស័ក្តិនិងប្រាក់ខែក៏ដូចជា ផ្តល់រង្វាន់ដល់កងទ័ព ដែលចូលរួមជាមួយក្រុម របស់លោក នាយឧត្ដសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានចំអកទៅវិញថា បុគ្គលដែលដើរ ហួសបន្ទាត់ក្រហម ជាប់ពាក់ព័ន្ធអំពើក្បត់ជាតិ រហូតដល់តុលាការកាត់ទោស ជាច្រើនករណី ពេលនេះកំពុងអស់ សង្ឃឹម អស់លទ្ធភាព សូម្បីតែសកម្មជន ដែលធ្លាប់គាំទ្រ ក៏បានចាកចេញ មកសារភាព ជាបន្តបន្ទាប់ដែរ។
លោកថា តើមានលទ្ធភាពឯណាទៅ ឧបត្ថម្ភថវិកាដល់កងទ័ពនោះ?
នាយឧត្ដសេនីយ៍ ឈុំ សុជាតិ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ វិច្ឆិកាថា ការអំពាវនាវ ការបោកបញ្ឆោទ ការញុះញង់របស់ មេឧទ្ទាមជនក្បត់ជាតិ គ្មានតម្លៃ ឬឥទ្ធិពលអ្វីមកលើកងយោធពលខេមរភូមិន្ទនោះទេ ព្រោះពួកគេ បានយល់ច្បាស់ អំពីតួនាទី និងភារកិច្ចរបស់ខ្លួន ដែលត្រូវប្រឆាំងចំពោះ ជនណាចង់មកបំផ្លិចបំផ្លាញ សន្តិភាពកម្ពុជា។
លោកបន្តថា កងយោធពលខេមរភូមិន្ទ ដែលស្ម័គ្រស្មោះ ចំពោះប្រទេសជាតិ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្ត បទបញ្ជារាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការកម្ទេចជនក្បត់ជាតិ ដោយមិនឲ្យមានភាពវឹកវរជាថ្មីដាច់ខាត។
លោកគូសបញ្ជាក់ថា “បុគ្គលដែលដើរហួសបន្ទាត់ក្រហម ជាប់ពាក់ព័ន្ធនឹង អំពើក្បត់ជាតិ រហូតដល់តុលាការកាត់ទោស ជាច្រើនករណី ពេលនេះកំពុងអស់សង្ឃឹម អស់លទ្ធភាព សូម្បីតែសកម្មជនដែលធ្លាប់គាំទ្រ ក៏បានចាកចេញ មកសារភាព ជាបន្តបន្ទាប់ដែរ តើមានលទ្ធភាពឯណាទៅ ឧបត្ថម្ភថវិកាដល់កងទ័ពនោះ? ដូច្នេះអ្វីៗដែលពួកគេបានញុះញង់ គឺជាការបោកបញ្ឆោទ សាធារណមតិជាតិ និងអន្តរជាតិតែប៉ុណ្ណោះ”។
សូមរំលឹកថា លោក សម រង្ស៊ី តាមរយៈ វីដេអូឃ្លីប នៅ ថ្ងៃ ៤ វិច្ឆិកា បានបញ្ជាក់ជា ថ្មីថាផែនការមាតុភូមិនិវត្តន៍ កំពុងប្រព្រឹត្ត ទៅ ដោយ រលូន និង គ្មាន ការ ប្រែ ប្រួល ឡើយ បើ ទោះ បី អាជ្ញាធរ កម្ពុជា បាន ប្រុង ប្រៀប លក្ខណៈ សព្វ បែប យ៉ាង ដើម្បី ត្រៀម ចាប់ ខ្លួន រូប លោក ក៏ ដោយ ។
ចំណែក ឆ្លើយ តប ទៅ នឹង ការ ហាម ប្រាម មិន ឲ្យ ក្រុម ហ៊ុន ហោះ ហើរ ណា ដឹក រូប លោក មក កម្ពុជា វិញ នោះ លោក សម រង្ស៊ី បាន គូស បញ្ជាក់ ថា នឹង ស្វែង រក មធ្យោ បាយ ចូល មក កម្ពុជា ឲ្យទាល់ តែ បាន តាម ផែន ការ គ្រោង ទុក ៕ ដោយ បាន ធារ៉ូ