ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមរិក ប្រចាំកម្ពុជា លោក Patrick Murphy កាលពីសប្តាហ៍មុន បានទៅមើលមជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក ប្រកបដោយអារម្មណ៍ស្រងូតស្រងាត់ និងការរំជួលចិត្ត ជាមួយលោក ឆាង យុ ដែលមកពីមជ្ឈមណ្ឌលឯកសារកម្ពុជា ។
ក្នុងពេលនោះ លោកបានមានប្រសាសន៍ថា “វាគឺជាកន្លែងរំលឹកដ៏មានសារៈសំខាន់ ហើយក៏ជាការរំលឹក ដ៏មានសារៈសំខាន់ដូចគ្នានេះផងដែរ សម្រាប់មនុស្សជំនាន់ក្រោយ” ។
លោកទូតបានថ្លែងអំណរ គុណលោក ឆាង យុ និងមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលធ្វើការងារចងក្រងឯកសារដ៏សំខាន់ ហើយរួមចំណែកដល់ការនាំមកនូវយុត្តិធម៌ និងការផ្សះផ្សាគ្នាឡើងវិញ ។
សូមបញ្ជាក់ថា ជនរងគ្រោះដែលគេបានយកមកសម្លាប់ នៅជើងឯកជិត២ម៉ឺននាក់ ។ ឯកសាររបស់មជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯក បានពិពណ៌នាថា ការសម្លាប់រង្គាលមនុស្សក្នុងរបបខ្មែរក្រហមនេះ គឺជាឋាននរកប្រចាំសតវត្សរ៍ទី២០។ ពីឆ្នាំ១៩៧៦-១៩៧៨ មានកសិករ មន្រ្តី ទាហាន បញ្ញវន្ត អង្គទូត ជនបរទេស ជាពិសេសកុមារ និងស្ត្រីប្រមាណជិត ២ម៉ឺននាក់ ត្រូវបានគេសម្លាប់នៅក្នុងតំបន់បឹងជើងឯក។ ក្នុងនោះ មានជនជាតិអឺរ៉ុបចំនួន ៩នាក់ផងដែរ។ កម្មាភិបាល ទាហានខ្មែរក្រហម ប្រជាជនដែលត្រូវគេចោទថា បានក្បត់អង្គការ ត្រូវបញ្ជូនពីគុកទួលស្លែង មកសម្លាប់ទាំងដៃជាប់ចំណង និងមានក្រណាត់ចងរុំមុខផង។
នៅតំបន់ជើងឯក រកឃើញរណ្ដៅសាកសពប្រមាណ ១២៩រណ្ដៅ ដែលជីកកាយតាមមាត់ស្រះស្ថិតប្របនឹងមាត់បឹងជើងឯកនៅឆ្នាំ១៩៨០។ ប៉ុន្តែកាលនោះ គេគាស់កកាយបានតែ ៨៦រណ្ដៅប៉ុណ្ណោះ ដែលមានសាកសពចំនួនប្រមាណ ៨.៩៨៥នាក់។
ក្នុងនោះដែរ គេឃើញរណ្ដៅកប់សាកសពរួមធំមួយដែលមានចំនួន ៤៥០នាក់។ ក្រៅពីនេះ មានរណ្ដៅសាកសពសម្រាប់ស្ត្រី និងកុមារចំនួន ១០០នាក់ ស្ថិតនៅជាប់នឹងដើមអំពិលបារាំង ឬដើមច័ន្ទគិរី ប៉ែកខាងក្រោយមណ្ឌលពិឃាដមនុស្សបឹងជើងឯក ដែលសាកសពក្មេងៗទាំងនោះ ពេជ្ឈឃាដសម្លាប់ដោយបោកនឹងគល់ឈើ ៕