នយោបាយ

ស្នងការរាជធានីភ្នំពេញដាក់បញ្ជាមន្រ្តីក្រោមឱវាទយ៉ាងម៉ឺងម៉ាត់ ត្រៀមបង្រ្កាបទប់ស្កាត់ក្រុមក្បត់ជាតិ ៩វិច្ឆិកា

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ បានណែនាំក៏ដូចជាដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងទាំងអស់ឲ្យត្រៀមខ្លួនជានិច្ច ដើម្បីទប់ស្កាត់ និងបង្រ្កាប ក្រុមក្បត់ជាតិទាំង ឡាយណាដែលមាន បំណងបះបោរ ធ្វើរដ្ឋប្រហារផ្តួលរលំរាជរដ្ឋាភិបាល កម្ពុជាស្របច្បាប់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យកម្លាំងប្រជុំជួរ និងគោរពទង់ជាតិនៅថ្ងៃទី៤ វិច្ឆិកា លោក ស ថេត បានថ្លែងថា “ខ្ញុំសូមណែនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងទាំងអស់ឲ្យត្រៀមជានិច្ចដើម្បីទប់ស្កាត់ និងបង្រ្កាប ក្រុមក្បត់ជាតិទាំងឡាយ ណាដែលមានបំណងបះបោរ ធ្វើរដ្ឋប្រហារផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងដោយ ការបោះឆ្នោតពីប្រជាជនដ៏ច្រើនលើសលុប ដោយសេរី ត្រឹមត្រូវ និងតម្លាភាព”។

លោកសង្កត់ធ្ងន់ថា ការធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព មិនមែនជាការងាយទេ ដូច្នេះត្រូវតែធ្វើយ៉ាងណារក្សាការពារខាងតែបាននូវសុខសន្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ៕
ដោយ៖ធី លីថូ

To Top