ភ្នំពេញ ៖ តុលាការកំពូល នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសាលដីកាបដិសេធ សំណើសុំនៅក្រៅឃុំរបស់យុវជន គង់ រ៉ៃយ៉ា ដែលត្រូវបានចាប់ ខ្លួនកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីបានបង្ហោះសារ លើបណ្ដាញសង្គមហ្វេសប៊ុក ករណីលក់អាវយឺតមានរូបអ្នកវិភាគនយោបាយ លោក កែម ឡីដែលត្រូវបានឃាតក បាញ់សម្លាប់ ។ នេះបើតាមការអត្ថបទ ចុះផ្សាយក្នុងហ្វេសប៊ុក របស់អង្គការលីកាដូ។
គង់ រ៉ៃយ៉ា ត្រូវបានចោទប្រកាន់ពី “បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍” ជាមួយនឹងយុវជន សួង នាគព័ន្ធ ដែលត្រូវបានចាប់ខ្លួន នៅថ្ងៃបន្ទាប់ ក្នុងព្រឹត្តិការណ៍រំលឹកខួបលោកបណ្ឌិត កែម ឡី និងត្រូវប្រឈមនឹងបទចោទដូចគ្នា។ បច្ចុប្បន្ននេះ អ្នកទាំងពីរកំពុង ជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១ ក្នុងរាជធានីភ្នំពេញ ។
សង្គមស៊ីវិល សហជីព និងសហគមន៍មូលដ្ឋានសរុបចំនួន ៨៧ស្ថាប័ន រួមទាំងអង្គការលីកាដូ បានចេញសេចក្ដីថ្លែងការណ៍ស្នើសុំឲ្យមានការដោះលែងយុវជន រ៉ៃយ៉ា និងនាគព័ន្ធ នៅប៉ុន្មានថ្ងៃបន្ទាប់ពីការចាប់ ខ្លួនអ្នកទាំងពីរក្នុងខែកក្កដា ។
សេចក្ដីថ្លែងការណ៍ បានចាត់ទុកការចាប់ខ្លួនអ្នកទាំងពីរថា មិនត្រឹមត្រូវ និងជាការរំលោភបំពានយ៉ាងច្បាស់លើសិទ្ធិសេរីភាពបញ្ចេញមតិ ដែលបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ អ្នករាយការណ៍ពិសេសលើបញ្ហាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ចំនួន៥នាក់ ក៏បានអំពាវនាវឲ្យទម្លាក់ចោលការចោទ ប្រកាន់ទាំងឡាយប្រឆាំងនឹងយុវជន រ៉ៃយ៉ា និងនាគព័ន្ធ និងជំរុញអាជ្ញាធរកម្ពុជា ដោះលែងអ្នកទាំងពីរ ។
អង្គការលើកលែងទោស អន្តរជាតិបានចាត់ទុក រ៉ៃយ៉ា និងនាគព័ន្ធ ជា “អ្នកទោសមនសិការ” និងបានអំពាវនាវឲ្យដោះលែង ដូចគ្នានឹងសមាជិកសភា អាស៊ានដើម្បីសិទ្ធិមនុស្ស(APHR)ដែរ ៕