ភ្នំពេញ ៖ លោក Christophe Crepin នាយកប្រតិបត្តិផ្នែកបរិស្ថាន ធនធានធម្មជាតិ នៃធនាគារពិភពលោក (World bank) បានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយកម្ពុជាគ្រប់គ្រង ទុកដាក់កាកសំណលរឹង ឲ្យបានល្អប្រសើរ ។
ក្នុងជំនួបជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Christophe Crepin បានថ្លែងថា បច្ចុប្បន្នធនាគារពិភពលោក មានគម្រោង៣រួចមកហើយ ជាមួយក្រសួងមហាផ្ទៃ ហើយជំនួបនេះ និយាយអំពីគម្រោងទី៤ គឺការងារគ្រប់គ្រងកាកសំណលរឹង ដើម្បីជួយគាំទ្រការងារគ្រប់គ្រងកាកសំណលរឹង ប្រកបដោយប្រសិទ្ធភាព និងទទួលជោគជ័យ ធានាបរិស្ថានល្អ។
នាយកប្រតិបត្តិឲ្យដឹងទៀតថា ការផ្សារភ្ជាប់ការគ្រប់គ្រងបរិស្ថាន ជាមួយការកែប្រែឥរិយាបថ របស់ប្រជាពលរដ្ឋបានផ្ដល់ចំណេះដឹង ដល់ពួកគេឲ្យបានយល់ពីការគ្រប់គ្រង ទុកដាក់កាកសំណលរឹង ដើម្បីរួមចំណែកធានានូវនិរន្តរភាព ។
លោកបន្ថែមថា “ធនាគារពិភពលោកគឺបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយគាំទ្រដល់កម្ពុជាក្នុងការងារគ្រប់គ្រងកាកសំណលរឹងនេះ” ។
ក្នុងឱកាសនោះ លោកក៏បានស្នើសម្ដេច ស ខេង ជួយជម្រុញរដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យចូលរួមក្នុងគម្រោងការងារគ្រប់គ្រង កាកសំណលដែលបានផ្ដួចផ្ដើម ដោយស់ធនានាគារពិភពលោក។
ជាការឆ្លើយតប សម្ដេច ស ខេង បានទទួលយកសំណើរ ហើយប្ដេជ្ញាបន្តជម្រុញឲ្យបណ្ដារាជធានី-ខេត្ត មួយចំនួន ក្នុងការចូលរួមគ្រប់គ្រងកាកសំណលរឹង ។
សម្ដេចក៏បានស្នើធនាគារពិភពលោក បន្តធ្វើការជាមួយគណៈកម្មការគ្រប់គ្រងតំបន់ឆ្នេររបស់កម្ពុជា ដើម្បីជួយគ្រប់គ្រងកាកសំណលរឹង ក៏ដូចជាបរិស្ថាន ប្រកបដោយចីរភាព ដើម្បីជួយដល់កំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា ៕ ដោយ៖ធី លីថូ