ព័ត៌មានជាតិ

ជប៉ុន សន្យាជួយផ្សព្វផ្សាយ ពីសក្តានុពល ខេត្តព្រះសីហនុ និងអង្គវត្ត ដល់ប្រជាជនខ្លួន

ភ្នំពេញ ៖ នៅចំពោះមុខ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសន្យាជួយផ្សព្វផ្សាយ ពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនខ្លួន ដូចដែលប្រជាជនខ្លួន បានស្គាល់ប្រាសាទអង្គរ នៅខេត្តសៀមរាបដែរ។ នេះបើយោងតាមហ្វេសប៊ុក រដ្ឋបាលខេត្តព្រះសីហនុ ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក គួច ចំរើន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក MIKAMI MASAHIRO បានមាប្រសាសន៍ថា កម្ពុជាឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំ ប៉ុន្តែសម្រេចបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ។ ក្នុងនោះខេត្តព្រះសីហនុ មានអគារខ្ពស់ៗជាច្រើន កំពុងមានការអភិវឌ្ឍខ្លាំងគួរឲ្យចាប់អារម្មណ៍ ។ រាជរដ្ឋាភិបាលជប៉ុន មានកិច្ចសហប្រតិបត្តិការល្អ ជាមួយកម្ពុជា ពិសេសជនជាតិជប៉ុនដែលមករកស៊ីនៅខេត្តព្រះសីហនុ រងគ្រោះដោយសារការ រលំបាក់អគារកាលពីកន្លងមក ហើយរដ្ឋបាលខេត្ត ក៍ដូចជារាជរដ្ឋាភិបាលបាន យកចិត្តទុកដាក់ដោះស្រាយបានទាន់ពេលវេលា ។

លោកទូតក៏បានសន្យាជួយផ្សព្វផ្សាយ ពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនជប៉ុនមកកាន់ខេត្តព្រះសីហនុ ខណៈកន្លងមកប្រជាជនជប៉ុនបានស្គាល់តែអង្គរវត្ត ។

លោក គួច ចំរើន ថ្លែងថា ខេត្តព្រះសីហនុ ជាខេត្តទេសចរណ៍មានការអភិវឌ្ឍ រយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ធ្វើឲ្យខេត្តក្លាយជាតំបន់ សេដ្ឋកិច្ចពហុបំណង មានវិស័សំខាន់ៗដូចជា វិស័យសំណង់ ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន និងទេសចរណ៍ ។

លោកបញ្ជាក់ថា ខេត្តមានសក្តានុពលលើគ្រប់វិស័យ ក្នុងនោះ រាជរដ្ឋាភិបាលបាន និងកំពុងសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ ដោយផ្តល់ភាពអនុគ្រោះ ដល់វិស័យទេសចរណ៍ និងវិនិយោគនៅពេលខាងមុខ ៕ ដោយ បាន ធារ៉ូ

To Top