ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ជំរុញដំណើរការ កំណែទម្រង់វិមជ្ឈការ ឲ្យវិវត្តន៍ទៅមុខជានិច្ច

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រី ស្ដីទី បញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យមានការវិវត្តន៍ទៅមុខជានិច្ច ទោះបីជួបបញ្ហាប្រឈមមួយចំនួនក៏ដោយ។

ក្នុងជំនួប ពិភាក្សាការងារជាមួយ លោក គ្រីស្ទាន បែកហ្គឺ (H.E. Mr. Christian Berger) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេច ស ខេង បានរំលឹកថា អាល្លឺម៉ង់បន្ដជួយគាំទ្របន្ថែមទៀត ដល់ដំណើរការនៃកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការរបស់កម្ពុជា ដែលនេះជាព័ត៌មានមួយ ដ៏រីករាយសម្រាប់កម្ពុជា។

សម្ដេចមានប្រសាសន៍ថា “ឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ដខិតខំធ្វើយ៉ាងណា បង្កើនកិច្ចសហការជាមួយភាគី ពាក់ព័ន្ធ ក្នុងរាជរដ្ឋាភិបាល ក៏ដូចជាដៃគូពាក់ព័ន្ធដ៏ទៃ ដើម្បីជំរុញឲ្យដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ មានវឌ្ឍនភាពទៅមុខ។ ហើយទោះបីជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន លើកិច្ចការងារនេះ ក៏ខិតខំធ្វើយ៉ាងណាស្វែងរកដំណោះស្រាយ ដើម្បីវិវត្តន៍រីកច្រើនលើការងារនេះផងដែរ”។

បន្ថែមពីលើនេះនាយករដ្ឋមន្ដ្រី ស្ដីទី រំលឹកទៀតថា កន្លងមករាជរដ្ឋាភិបាល បានយកខេត្តបាត់ដំបង ជាខេត្តគំរូ ដើម្បីធ្វើផ្ទេរមុខងារសាធារណៈ ដូចជា ផ្នែកអប់រំ សុខាភិបាល ហើយក៏ទទួលបានជោគជ័យ។

ចំណែកទូតអាល្លឺម៉ង់រីករាយ ចំពោះល្បឿននៃកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្ដេច ស ខេង និងគណៈប្រតិភូទៅអាល្លឺម៉ង់ កាលពីពេលកន្លងទៅថ្មីៗនេះ៕ ដោយ ៖ អេង ប៊ូឆេង

To Top