ព័ត៌មានជាតិ

ប្រជាពលរដ្ឋស្រុកបាធាយ គាំទ្រហូបអំបុកសាមគ្គី នាថ្ងៃទី៩វិច្ឆិកា

កំពង់ចាម ÷ ប្រជាពលរដ្ឋប្រមាណជា ៥០០ នាក់ នៅស្រុកបាធាយ បាននាំគ្នាទះដៃសាទរគាំទ្រ ដល់លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថានឹងនាំគ្នាហូបអំបុកសាមគ្គីការពារជាតិ សាសនា ព្រះម ហាក្សត្រ នៅថ្ងៃទី ៩ ខែវិច្ឆិកាខាងមុខនេះ ។

ភាពចុះសម្រុងគ្នា រវាងប្រជាពលរដ្ឋ និងអាជ្ញាធរខេត្តកំពង់ចាមនេះ កើតមានឡើង ក្រោយពេល ប្រធានក្រុមប្រឹក្សាខេត្តលោកខ្លូត ផន និងលោក អ៊ុន ចាន់ដាអភិបាល ខេត្តកំពង់ចាម បានដឹកនាំ សមាជិកក្រុម ប្រឹក្សាខេត្ត និងមន្ត្រីមន្ទីរស្ថាប័នជុំវិញខេត្ត
ចុះផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុម ប្រឹក្សាខេត្ត លើកទី ១ អាណត្តិទី ៣ ឆ្នាំ ២០១ ៩ នៅវត្តសេរីចំប៉ា នៅភូមិមេព្រីង ឃុំមេ ព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៥ ខែវិច្ឆិកាឆ្នាំ ២០១៩ ។

ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ ចាមលោក អ៊ុន ចាន់ដា រួមនឹងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការពិភាក្សា និងឆ្លើយតបទៅនឹងសំណើ របស់ប្រជាពលរដ្ឋ ២០ ករណី ។ ក្នុងនោះដែរសំណើរខ្លះ ត្រូវបានដោះស្រាយភ្លាមៗ នឹងសំណើរខ្លះទៀត រង់ចាំមន្ត្រីជំនាញចុះ សិក្សា និងធ្វើការដោះស្រាយជាបន្តបន្ទាប់ ។

ទន្ទឹមនឹងនោះ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានមានប្រសាសន៍ថា
ទាក់ទង ទៅនឹងការអនុវត្ត គោលនយោបាយភូមិឃុំ មានសុវត្ថិភាព លោកសុំស្នេហ៍ ឲ្យបងប្អូនប្រជាពលរដ្ឋចូលរួម ជាមួយនឹងអាជ្ញាធរដែនដី និងសមត្ថកិច្ច ដើម្បីថែរក្សាសន្តិសុខល្អ នៅក្នុងមូលដ្ឋានរបស់ខ្លួន កុំឲ្យមានបញ្ហាគ្រឿងញៀន និងល្បែងស៊ី សង និងកុំឱ្យមានបញ្ហាគ្រោះថ្នាក់ចរាចរ ណ៍ ដោយចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ” នៅថ្ងៃ ៩ ខែវិច្ឆិកា ខាងមុខនេះ គឺជាថ្ងៃដែលប្រទេសយើង ប្រារព្ធពិធីបុណ្យឯករាជ្យ ជាតិ និងជាថ្ងៃបុណ្យកំណើត នៃកងយុទ្ធពលខេមរភូមិន្ទ ដូច្នេះហើយ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែនបានអំពាវនាវ ឲ្យប្រជាពលរដ្ឋយើង ចូលរួមអបអរសាទរ ក្នុងរូបភាពហូបអំបុកសាមគ្គី ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រនៃយើង ទាំងអស់គ្នា ” ។ ចប់ប្រសាសន៍ របស់លោកអភិបាលខេត្ត ប្រជាពលរដ្ឋបាននាំគ្នាទះដៃអបអរសាទរ និងគាំទ្រ នៅហូបអំបុករួមគ្នានៅថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៩ខាងមុខនេះ ៕

To Top