ភ្នំពេញ ៖ គ្រោះថ្នាក់ ពិតជាមើលមិនឃើញមែន បីនាក់ម្តាយកូន កំពុងអង្គុយលេងនៅខាងមុខផ្ទះ ស្រាប់តែក្បាលរថយន្ត កុងតឺន័រ បើកបោះពួយយ៉ាងល្បឿនលឿន បួងចង្កូតមិនទាន់ជ្រុល បុកចូលផ្ទះ តែសំណាង ស្ត្រីជាម្តាយ អូសដៃកូនរត់គេចទាន់ ។ ហេតុការណ៍នេះ បង្កឡើងនាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
រថយន្តបង្ក ជាប្រភេទ ក្បាលអូសកុងតៃន័រ ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-1221 បើកបរដោយយុវជនម្នាក់។
តាមសម្តីស្ត្រីម្ចាស់ផ្ទះ គាត់បានអង្គុយលេង ជាមួយកូនរបស់គាត់ ទើបចេញពីសាលា នៅមុខផ្ទះ ស្រាប់តែ មានក្បាលរថយន្ត កុងតឺន័របើកក្នុងល្បឿនលឿន បួងចង្កូតមិនទាន់ បុកចូលក្នុងផ្ទះ គាត់ក៏បានអូសដៃកូន២នាក់ រត់គេចផុត ។ ភ្លាមនោះតៃកុងរថយន្ត ក៏មិនបានរត់ទៅណាដែរ ដោយមានតំណាង ក្រុមហ៊ុនរថយន្តបង្ក ចេញមុខដោះស្រាយ នៅចំពោះមុខសមត្ថកិច្ច ដោយចេញសងរាល់ការខូចខាត សម្ភារ: និងជួសជុលជញ្ជាំង សំយ៉ាបផ្ទះ ទាំងផ្ទះជាងក្រឡឹង ផ្ទះពេទ្យធ្មេញ និងផ្ទះកាត់សក់ បន្ទាប់ពីមានការឯកភាពពីម្ចាស់ផ្ទះ ៕