ព័ត៌មានជាតិ

កម្ពុជា-អូស្រ្ដាលី ចុះហត្ថលេខា លើផ្នែកអាទិភាពសម្រាប់កសិកម្ម

ភ្នំពេញ ៖ កម្ពុជា-អូស្រ្ដាលី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះហត្ថលេខា លើលិខិតបញ្ជាក់បំណងស្តីពី “អាទិភាពជាយុទ្ធសាស្រ្តស្រាប់ កិច្ចសហប្រតិបត្តិការ ស្រាវជ្រាវកសិកម្ម” រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយមជ្ឈមណ្ឌលអូស្រ្តាលី សម្រាប់ការស្រាវជ្រាវ កសិកម្មអន្តរជាតិ ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា។ នេះបើយោងតាម ហ្វេសប៊ុករបស់ក្រសួង។

ការចុះហត្ថលេខាលើ ផ្នែកទាំង៣រួមមាន៖ទី១. ប្រពលវប្បកម្ម និងពិពិធកម្មកសិកម្ម ប្រកបដោយចីរភាព លើគ្រប់ដំណាំក្រៅពីស្រូវ នៅក្នុងប្រព័ន្ធដំណាំ-ស្រូវ តាមបែបប្រពៃណី និងប្រព័ន្ធដាំដុះផ្សេងទៀត

ទី២. ប្រពលវប្បកម្មប្រកប ដោយចីរភាព នៃប្រព័ន្ធផលិតកម្ម សត្វខ្នាតតូច ដែលតម្រង់ទៅទីផ្សារ

ទី៣. ប្រពលវប្បកម្មប្រកប ដោយចីរភាពនៃប្រព័ន្ធ ផលិតកម្មវារីវប្បកម្មទឹកសាប សម្រាប់ប្រភេទ ដែលសម្បូរដោយអាហារូបត្ថម្ភ។

លោក វេង សាខុន បានថ្លែងថា គម្រោង”អាទិភាពជាយុទ្ធសាស្រ្ត សម្រាប់កិច្ចសហប្រតិបត្តិការ ស្រាវជ្រាវកសិកម្ម២០១៩-២០២៩” នឹងដើរតួនាទីសំខាន់ ក្នុងការស្រាវជ្រាវក្នុងវិស័យកសិកម្ម រួមចំណែកអភិវឌ្ឍន៍វិស័យនេះ ឲ្យមានការរីកចម្រើន ធានាបាននូវនិរន្តរភាព នៃការផ្គត់ផ្គង់ស្បៀង ផលិតភាពផលិតកម្ម ប្រសិទ្ធភាព គុណភាព សុវត្ថិភាព ទីផ្សារ និងការប្រកួតប្រជែង ស្របតាមបរិបទ នៃកំណើនសេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រែប្រួលអាកាសធាតុ បរិយាប័ន និងជា ពិសេសស្របតាម គោលនយោបាយ និងកំណែទម្រង់ផែនការ យុទ្ធសាស្ត្ររបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍- និងសហគមន៍កសិកម្ម” ។

ចំណែកលោកស្រី Angela Corcoran បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលអូស្រ្តាលី នៅតែជាដៃគូសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍវិស័យកសិកម្មយូរអង្វែង ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជាពិសេស ជាមួយក្រសួង២៥ឆ្នាំមកនេះ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ ស្រាវជ្រាវ បណ្តុះបណ្តាល ធនធានមនុស្ស ធ្វើការកែទម្រង់របៀប និងទម្លាប់ ដើម្បីធ្វើយ៉ាងណា លើកកម្ពស់បរិមាណ និងគុណភាពកសិផល បង្កើតឱកាសឲ្យមានការចូលរួម ក្នុងការងារកសិធុរកិច្ច ប្រកបដោយផែនការ និងទិសដៅច្បាស់លាស់៕

To Top