ព័ត៌មានជាតិ

ថៃបញ្ជាក់ជំហរយ៉ាងច្បាស់ថា មិនអនុញ្ញាតឲ្យ សម រង្ស៊ី ប្រើប្រាស់ទឹកដីខ្លួនឆ្លងមកកម្ពុជា

ភ្នំពេញ ៖ នៅចំពោះមុខឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ភាគីថៃតាមរយៈឧត្តមសេនីយ៍ទោ ថាំម៉ាក់នួន វិធី មេបញ្ជាការភូមិភាគទី១ថៃ បានបញ្ជាក់យ៉ាងច្បាស់ថា គឺមិនអនុញ្ញាតឲ្យក្រុមទណ្ឌិត សម រង្ស៊ី ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីឆ្លងកាត់ចូលកម្ពុជាឡើយ។

ការប្រកាសជំហរនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី និងបក្ខពួក បានសម្រេចយកទឹកដីថៃ ជាកន្លែងឈរជើង ដើម្បីចូលមកស្រុកខ្មែរវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងជំនួបនាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ លើស្ពានមិត្តភាពកម្ពុជា-ថៃ ខ្លងឡឹក ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមួយឧត្តមសេនីយ៍ឯក ឯក សំអូន លោកឧត្តមសេនីយ៍ទោ ថាំម៉ាក់នួន វិធី បានថ្លែងថា ថៃមិនអនុញ្ញាតឲ្យក្រុមទណ្ឌិត សម រង្ស៊ី ប្រើប្រាស់ប្រទេសរបស់ខ្លួន ឆ្លងកាត់ឡើយ ។ ចំពោះករណីក្រុមពលករនៅស្រះកែវ និងក្រុងបាងកកដែលចាំទទួលលោក សម រង្ស៊ី ក៏ខ្លួន នឹងទប់ស្កាត់មិនឲ្យកើតមាន ចលនាណាមួយកើតឡើង លើទឹកដីថៃដែរ ។

បើតាមការផ្សព្វផ្សាយ របស់វិទ្យុអាស៊ីសេរី កាលពីសប្តាហ៍មុន គឺមានមន្រ្តីជាន់ខ្ពស់របស់ថៃម្នាក់ ដែលមិនបញ្ចេញឈ្មោះនិយាយថា ភាគីបានយល់ព្រម ឲ្យក្រុមលោក សម រង្ស៊ីប្រើប្រាស់ទឹកដីថៃ ដើម្បីឆ្លងមកកម្ពុជា ៕

To Top