នយោបាយ

សម្ដេចតេជោ៖ អាស៊ាននឹងធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួត បាល់ទាត់ពិភពលោក នៅឆ្នាំ២០២៤

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិក១០ប្រទេស នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតបាល់ទាត់ពិភពលោក (FIFA WorldCup) នៅឆ្នាំ២០២៤ខាងមុខ ហើយមិនតែប៉ុណ្ណោះ អាស៊ានអាចនឹងបង្កើត ជាក្រុមបាល់ទាត់មួយ ដោយមានសមាសភាពកីឡាករ មកប្រទេសនានា ក្នុងតំបន់អាស៊ាន សម្រាប់ប្រកួត ជាមួយប្រទេសដទៃផងដែរ។

ក្នុងពិធីបើកសន្និសីទ អគ្គព្រះរាជអាជ្ញា អាស៊ាន-ចិនលើកទី១២ ក្រោមប្រធានបទ តួនាទីព្រះរាជអាជ្ញា ក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សនៅក្នុងតំបន់ ដែលប្រារព្ធធ្វើឡើង នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា “អាស៊ានមានចំណុចរួមមួយ នៅត្រង់ថាឆ្នាំ២០២៤ អាស៊ាននឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup ) នេះជាអត្តសញ្ញាណរបស់អាស៊ាន ដែលទើបចុះហត្ថលេខា រវាងអាស៊ានជាមួយ FIFA កាលពីប៉ុន្មានថ្ងៃមុន នៅទីក្រុងបាងកក ដែលអាចចាត់ទុកថា ពេលនោះប្រទេសទាំងអស់ នៅក្នុងអាស៊ាននឹងក្លាយជាកន្លែងតែមួយ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ហើយអាចអាស៊ាន នឹងបង្កើតជាក្រុមបាល់ទាត់មួយ ទៅប្រកួតជាមួយប្រទេសដទៃកម្ពុជា អាចមាន ១នាក់ ថៃ មាន២នាក់វៀតណាម អាចមាន២នាក់ និងពីប្រទេសនានា ចូលត្រង់ឈ្នះត្រង់ចាញ់មិនដឹងទេ តែជាអត្តសញ្ញាណសំខាន់របស់អាស៊ាន។ ត្រង់ហ្នឹងហើយ ដែលខ្ញុំធ្លាប់និយាយថា ចំណុចរួមរបស់អាស៊ាន ដែលអាចធ្វើទៅរួច គឺបង្កើតក្រុមបាល់ទាត់អាស៊ាន”។

គូសបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup ត្រូវបានរៀបចំឡើងរៀងរាល់៤ឆ្នាំម្ដង។ ការប្រកួតកីឡាបាល់ទាត់ពិភពលោក កាលពីឆ្នាំ២០១៨ ដែលមានរយៈពេលប្រមាណ១ខែ (ចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ ថ្ងៃទី ១៥ ខែកក្កដា ) ប្រទេសរុស្ស៊ីទទួលធ្វើជាម្ចាស់ផ្ទះ ។ ក្រុម កីឡាករ បាល់ទាត់ ប្រទេស បារាំង បាន ឈ្នះ ពានរង្វាន់ បាល់ទាត់ ពិភពលោក FIFA World Cup ឆ្នាំ ២០១៨ក្រោយយកឈ្នះ ក្រុម ប្រទេស ក្រូអាស៊ីក្នុងលទ្ធផល៤ ទល់ នឹង ២។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីបញ្ចប់ កិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៣៥(35th ASEAN Summit Plenary) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង បណ្តាប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាងនិងអញ្ជើញ ជាព្រះរាជាអធិបតី និងអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីចុះហត្ថលេខា លើអនុស្សារណ:នៃការយោគយល់គ្នា រវាងអាស៊ាននិងសមាគម នៃសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដែលចុះហត្ថលេខា ដោយលោកអគ្គលេខាធិការអាស៊ាន ជាមួយ និងប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក។

លោកប្រធាន សមាគមសហព័ន្ធ កីឡាបាល់ទាត់ពិភពលោក បានសំដែងនូវការវាយតម្លៃខ្ពស់ និងបានចាត់ទុកថា នេះគឺជាលើកទី១ហើយ ដែលសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានចុះហត្ថលេខា លើអនុស្សារណ: នៃការយោគយល់គ្នារវាងអាស៊ាន និងសមាគម នៃសហព័ន្ធបាល់ទាត់ពិភពលោក ក្នុងការរួមចំណែក បណ្តុះបណ្តាលធនធានមនុស្ស លើវិស័យកីឡាបាល់ទាត់ ក្នុងចំណោមបណ្តាប្រទេស ក្នុងតំបន់អាស៊ាន ឲ្យកាន់តែមានភាព ប្រកួតប្រជែងទ្វេឡើងថែមទៀត ពិសេសជាមួយ នឹងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងប្រទេសក្នុងទ្វីបដទៃទៀត ក្នុងពិភពលោក៕

To Top