នយោបាយ

អង់គ្លេស ស្នើកម្ពុជា ជួយផ្តល់បទពិសោធន៍ ពាក់ព័ន្ធបង្ក្រាប ឧក្រិដ្ឋកម្មឆ្លងដែន

ភ្នំពេញ ៖ លោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា បានស្នើកម្ពុជា ជួយផ្តល់បទពិសោធន៍ ពាក់ព័ន្ធករណីបង្ក្រាប ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសគ្រឿងញៀន និងជួញដូរមនុស្ស ជាដើម ។ នេះយោងតាមការចេញផ្សាយ របស់អគ្គស្នងការនគរបាលជាតិ ។

ក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី Tina Redshaw មានប្រសាសន៍ថា “សូមឲ្យនាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន ជួយផ្តល់បទពិសោធន៍ខ្លះៗ ពាក់ព័ន្ធករណីបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស បញ្ហាគ្រឿងញៀន បញ្ហារត់ពន្ធជួញ ដូរមនុស្សឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា ផងដែរ” ។

លោក នេត សាវឿន លើកឡើងថា បញ្ហាកង្វល់របស់ពិភពលោក គឺភេរវកម្មដែលកម្ពុជា មិនទាន់មានករណីនេះកើតឡើងទេ ប៉ុន្តែកម្ពុជាស្ថិតក្នុងការតាមដានជានិច្ច។

នាយឧត្តមសេនីយ៍បន្ដថា កិច្ចសហប្រតិបត្តិការរវាងកងកម្លាំង នគរបាលជាតិកម្ពុជា ជាមួយក្រុមប្រឆាំង ឧក្រិដ្ឋកម្មជាតិអង់គ្លេស NCA National Crime Agency គឺជាបទពិសោធន៍ នៃការបង្ក្រាបគ្រឿងញៀន រួមទាំងការបញ្ជាក់ប្រភពនាំចូល និងលំហូរឆ្លងកាត់កម្ពុជាទៅកាន់ប្រទេសទី៣ថែមទៀត ដោយកម្ពុជា មិនមែនជាប្រទេសផលិតគ្រឿងញៀនទេ ប៉ុន្តែជាប្រទេសរងគ្រោះ នៃការប្រើប្រាស់គ្រឿងញៀន ៕

ដោយ ៖ អេង ប៊ូឆេង

To Top