នយោបាយ

ទូតកម្ពុជា ស្នើអាជ្ញាធរឥណ្ឌូនេស៊ី ចាប់ខ្លួនលោកស្រី មូរ សុខហួរ

ភ្នំពេញ ៖ អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានស្នើអាជ្ញាធរ ប្រទេសនេះ ចាប់ខ្លួនលោកស្រី មូរ សុខហួរ មេដឹកនាំម្នាក់ ក្នុងចំណោមក្រុមឧទ្ទាម ដែលដឹកនាំដោយលោក សម រង្ស៊ី ប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ។ នេះបើតាមការចេញផ្សាយ របស់វេបសាយរស្មីកម្ពុជា។

ការស្នើនេះ បន្ទាប់ពីលោកស្រីកំពុងមានវត្តមាន នៅឥណ្ឌូនេស៊ី ដើម្បីត្រៀមកម្ពុជាជាមួយលោក សម រង្ស៊ី។ តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនដែលលោកស្រីបង្ហោះព្រឹកថ្ងៃ៦ វិច្ឆិកានេះ លោកស្រីអះអាងថា នឹងធ្វើសន្និសីទពីទីនោះមកកម្ពុជា ដើម្បីនិយាយពីមាតុភូមិនិវត្ត លោក សម រង្ស៊ី និងបក្ខពួក។

សេចក្តីប្រកាសទូតកម្ពុជា ប្រចាំឥណ្ឌូនេស៊ីបញ្ជាក់ថា “ឥណ្ឌូនេស៊ី-កម្ពុជា គឺជាមិត្តជិតស្និទ្ធនឹងគ្នាអស់រយៈពេល៦០ឆ្នាំមកហើយ ដូច្នេះទូតកម្ពុជាប្រចាំ នៅហ្សាការតា ស្នើអាជ្ញាធរឥណ្ឌូនេស៊ីចាប់ខ្លួន លោកស្រី មូរ សុខហួរ ហើយបញ្ជូនលោកស្រីមកកាន់កម្ពុជា ជាបន្ទាន់ នៅក្រោមស្មារតីពិតរបស់អាស៊ាន” ។

បើតាមសេចក្តីប្រកាសដដែល លោកស្រី មូរ សុខហួរ គឺជាអតីតអនុប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានតុលាការកំពូលកម្ពុជាសម្រេចរំលាយចោលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ គណបក្សលោកស្រីសព្វថ្ងៃ គឺជាបក្សខុសច្បាប់នៅកម្ពុជា។ លោកស្រី គឺជាជនល្មើសដែលរត់គេចខ្លួន ហើយត្រូវបានសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាចាប់ខ្លួន កាលពីថ្ងៃទី២ តុលា ពាក់ព័ន្ធការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ដែលជាប់ឆ្នោតស្របច្បាប់ ។

សេចក្តីប្រកាសបន្តថា ក្រោមស្មារតីពិត នៃសមាគមអាស៊ាន រាជរដ្ឋាភិបាលថៃ បានបណ្តេញលោកស្រី កាលពីថ្ងៃទី២០ តុលា ឲ្យទៅទីក្រុងកូឡាឡាំពួរវិញ នៅពេលលោកស្រី បានទៅដល់អាកាសយានដ្ឋាន សុវណ្ណភូមិក្រុងបាងកក ។ នៅថ្ងៃទី៥ វិច្ឆិកា អាជ្ញាធរម៉ាឡេស៊ី បានចាប់ឃាត់ខ្លួនសកម្មជនកម្ពុជា ពីរនាក់ដែលព្យាយាមឡើង យន្តហោះឆ្ពោះទៅក្រុងបាងកក ខណៈពួកគេគឺជាអ្នកគាំទ្រអតីត CNRP ៕

To Top