នយោបាយ

នាយករដ្ឋមន្រ្តី ៖ ឆ្នាំ២០២០ កម្ពុជា នឹងបន្តខ្វះខាត អគ្គិសនីប្រើប្រាស់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអះអាងថា នៅឆ្នាំ២០២០ខាងមុខ កម្ពុជានឹងបន្តការខ្វះខាតអគ្គិសនីប្រើប្រាស់ទៀត ព្រោះវារីអគ្គិសនី មិនមានទឹកប្រើប្រាស់គ្រប់គ្រាន់ ដែលអាចបំពេញតម្រូវការបាន ។

កាលពីអំឡុងដើមឆ្នាំ២០១៩នេះ កម្ពុជាបានជួបប្រទះ នូវការខ្វះខាតអគ្គិសនី ប្រើប្រាស់ម្តងរួចមកហើយ ដោយសារតែអាកាសធាតុក្តៅពេក មិនអាចមាន ទឹកគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ ។

ក្នុងពិធីប្រកាសផ្សព្វផ្សាយ ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោបានថ្លែងថា “អ្វីដែលជាការកង្វល់ វារីអគ្គិសនីរបស់យើង ចាប់ផ្ដើមខ្វះខាតទឹកប្រើប្រាស់ទៀតហើយ ។ តាមតួលេខដែលឯកឧត្តម ស៊ុយ សែម ផ្ញើឲ្យខ្ញុំជារៀងរាល់ឆ្នាំ ឥឡូវគឺនៅពេលម្សិលមិញនេះ ការផលិតអគ្គិសនីរបស់យើង ដែលមានកម្លាំងរហូតដល់១៣២៨មេកាវ៉ាត់ យើងដើរបានតែ ១៨៤ទៅ៦៨៧មេកាវ៉ាត់តែបណ្ណោះ។ ចឹងទេស្ថានភាពនេះ មិនទាន់ដល់ខែប្រាំងផង ប៉ុន្តែស្ថានភាពបានធ្លាក់ចុះហើយ ។ ចឹងទេអគ្គិសនីរបស់យើងនឹងមានបញ្ហាទៀត” ។

សម្ដេចបញ្ជាក់ថា កម្ពុជាបានបង្កើន ថាមពលមួយចំនួន ដូចជារោងចក្រដើរដោយខ្យូងថ្ម ដើរដោយពន្លឺព្រះអាទិត្យ និងការនាំចូលពីបណ្ដាប្រទេសផ្សេងទៀតផងដែរ ប៉ុន្តែនៅតែមិនអាចផ្គត់ផ្គង់បាន ។

សម្ដេចនាយករដ្ឋមន្រ្តី ក៏នឹងស្នើទិញអគ្គិសនី ពីឡាវបន្តបន្ទាប់ទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក។

សម្ដេចរំលឹកថា អគ្គិសនីកម្ពុជា បានទិញពីបណ្ដាប្រទេសផ្សេង មកប្រើប្រាស់ ដើម្បីត្រៀមបម្រុងដោះស្រាយ ក្នុងទីក្រុងភ្នំពេញចំនួន៤០០មេកាវ៉ាត់ កាលពីពេលមុន គឺរៀបចំរហូតទៅដល់ខែមេសា ទើបអាច រួច ដោយបានបោះលុយចេញជិត៤០០លានដុល្លារ ។ ក្នុងនោះបានទិញម៉ាស៊ីនអគ្គិសនី ពីអាល្លឺម៉ង ចំនួន២០០មេកាវ៉ាត់ ទិញពីហ្វាងឡង់ ចំនួន២០០មេកាវ៉ាត់ ។

ក្នុងឱកាសនោះ សម្ដេចក៏បានបញ្ជាឲក្រសួងរ៉ែ និងថាមពល ឲ្យធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណា ពន្លឿនការងាររៀបចំតម្លើងម៉ាស៊ីនភ្លើង ៤០០មេកាវ៉ាត់ ដែលបានទិញពីបរទេសឲ្យបានឆាប់រហ័ស មុនគម្រោងដែលបានកំណត់។

សម្ដេចនាយករដ្ឋមន្រ្តី ក៏បានបន្តអំពាវនាវដល់ម្ចាស់សណ្ឋាគារ ដែលមានម៉ាស៊ីនខ្លួនឯង នៅពេលមានការចាំបាច់ ដែលរដ្ឋត្រូវកាត់ភ្លើងចេញ ប្រើប្រាស់ម៉ាស៊ីន ភ្លើងខ្លួនឯងជាបណ្ដោះអាសន្ន ព្រោះរដ្ឋតម្លើងម៉ាស៊ីនភ្លើង៤០០មេកាវ៉ាត់ មិនទាន់ហើយដល់តរួច នឹងមានអគ្គិសនីប្រើប្រាស់បានជាធម្មតាវិញ ៕ ដោយ៖ធី លីថូ

To Top