នយោបាយ

នាយករដ្ឋមន្រ្តី ប្រកាសថា គ្មានការប្រយុទ្ធគ្នាថ្ងៃ៩វិច្ឆិកា ព្រោះមុខសញ្ញា ចាប់ខ្លួន គឺទណ្ឌិត សម រង្ស៊ី និងគូកនទេ

ភ្នំពេញ ៖ ករណីលោក សម រង្ស៊ី វិលចូលស្រុកវិញ នា២ថ្ងៃខាងមុខនេះ គឺជារឿងក្តៅដោយម្នាក់ៗ បានយកចិត្តទុកដាក់ តាមដានគ្រប់គ្នា ហើយអ្វីកាន់តែជា ពិសេសថែមទៀតនោះ ចាស់ៗនៅតាមភូមិ-ឃុំនានា បានសម្តែងការព្រួយបារម្ភ ខ្លាចកើតមានការប្រយុទ្ធគ្នា ឲ្យកូនចៅរស់នៅភ្នំពេញ វិលត្រឡប់ទៅស្រុកកំណើត ប៉ុន្តែចំណុចទាំងអស់នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តាំផ្ញើត្រឡប់ទៅវិញថា កុំបាច់មានការបារម្ភអ្វី ទោះបីជាយ៉ាងណាគ្មាន ការប្រយុទ្ធគ្នាកើតឡើង ព្រោះមុខសញ្ញាដែលចាប់ខ្លួន មានតែ៩នាក់ប៉ុណ្ណោះ គឺមេឧទ្ទាមក្រៅស្រុក សម រង្ស៊ី និងគូកន៨នាក់ផ្សេងទៀត ។

មុន២ថ្ងៃនៃមាតុភូមិនិវត្តន៍សម រង្ស៊ី មានការផ្សព្វផ្សាយថា លោកបានដូរសំបុត្រយន្ដហោះ ដោយនឹងត្រឡប់មកពីប៉ារីស មកដល់ព្រលានយន្តហោះបាងកក ថ្ងៃ៩វិច្ឆិកា ។ ចំណុចនេះ សម្ដេចតេជោ បានចំអកឲ្យថា ដូច្នេះប្រាកដថា ក្រុមទណ្ឌិត សម រង្ស៊ី នឹងមិនមកស្រុកខ្មែរឡើយ ក្រោមហេតុផលថា អាជ្ញាធរថៃ មិនចូលទឹកដីគេ ។

ពាកព័ន្ធដំណើរមកកម្ពុជាវិញនេះ លោកស្រី មូរ សុខហួរ ត្រូវបានសារព័ត៌មាន រ៉យទ័រផ្សាយថា អាជ្ញាធរម៉ាឡេស៊ីឃាត់ខ្លួន ។

ក្នុងពិធីប្រកាសផ្សព្វផ្សាយ ឲ្យប្រើប្រាស់ជាផ្លូវការ នូវផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ សម្ដេចតេជោ បានមានប្រសាសន៍ថា ក្រុមទណ្ឌិត សម រង្ស៊ី នឹងមិនវិលកម្ពុជាទេ ព្រោះបានពន្យារ ពេលធ្វើដំណើរហើយ នេះសបញ្ជាក់ថា គ្មានភាពក្លាហ៊ាន ។

សម្ដេចថ្លែងថា “ខ្លះថាជិះកាប៉ាហោះ ខ្លះថាជិះកាប៉ាទឹក ខ្លះថាជិះដំរី ទីចុងបំផុតអាហ្នឹងជិះឆ្កែ ប៉ុន្ដែឆ្កែវាមិនបានជិះទៅទៀត។ បងប្អូនគិតមើលថា មកថ្ងៃ៧ ដើម្បីដល់ថៃថ្ងៃ៨ ថ្ងៃ៩ចូលមកស្រុកខ្មែរ ។ ឥឡូវដូរសំបុត្រយន្ដហោះ ចេញមកថ្ងៃ៩ ពីសាដីហ្គោ មកសុវណ្ណភូមិ បាងកក ចឹងតើវាយ៉ាងម៉េចឥឡូវនេះ? គិតទៅអ្នកគាំទ្រទាំងឡាយជឿជាក់បានឬអត់? បន្ដិចទៀតនឹងប្រកាសថា នឹងមិនមកទេ ដោយសារថៃមិនឲ្យចូល ។ បើគេមិនឲ្យចូល ក៏មិនជិះយន្ដហោះចុះមកសៀមរាប ចុះនៅភ្នំពេញទៅ” ។

បន្ថែមពីនេះសម្ដេចតេជោ លើកឡើងទៀតថា មានមាតា-បិតារបស់កម្មករ-កម្មការិនី និងសិស្ស-និស្សិត បានឲ្យកូនៗត្រឡប់ទៅស្រុកកំណើតវិញ ដោយសារតែនៅរាជធានីភ្នំពេញខ្លាចគេវាយគ្នា និងមានបាតុកម្មផ្ដួលរំលំ រាជរដ្ឋាភិបាលនៅថ្ងៃទី៩ វិច្ឆិកា ប៉ុន្តែសម្ដេចថា កុំមានការភ័យខ្លាចឲ្យសោះ គ្មានអ្វីកើតឡើងឡើយ ដោយត្រូវនាំគ្នា សប្បាយរីករាយថ្ងៃបុណ្យអុំទូក ។

សម្ដេចបញ្ជាក់យ៉ាងដូច្នេះ “គ្មានអ្នកណាគេវៃគ្នា នៅកណ្ដាលទីក្រុងភ្នំពេញទេ ព្រោះថា គេធ្វើសកម្មភាពតែមុខសញ្ញា៩នាក់តែប៉ុណ្ណោះយ៉ាងច្រើន (៩នាក់ ក្រុម សម រង្ស៊ី) ។ ប៉ុន្ដែអា៩នាក់នេះ វាមិនមកទេកុំទៅឆ្ងល់ពេក ឥឡូវវាទៅពន្យារសំបុត្រយន្ដហោះហើយ” ។

នាយករដ្ឋមន្រ្តីបន្ដថា សមត្ថិកច្ចចាប់តែអ្នកមានមុខសញ្ញាក្នុងដីការរបស់តុលាប៉ុណ្ណោះ។ ជាមួយគ្នានេះ សម្ដេចថ្លែងអំណរគុណមិត្តបរទេសដែលចូលរួមសហការបង្ក្រាបក្រុមឧទ្ទាម សម រង្ស៊ី កុំឲ្យមកបង្កបញ្ហានៅកម្ពុជា ពីព្រោះកន្លងមកកម្ពុជាបានរងការឈឺចាប់យ៉ាងច្រើន ដោយសារតែពាក្យប្រជាធិតេយ្យ និងសិទ្ធិមនុស្ស ធ្វើឲ្យប្រជាជនកម្ពុជាស្លាប់រាប់លាននាក់។

សម្តេចតេជោ បានថ្លែងអំណរគុណចំពោះបណ្តាមេដឹកនាំប្រទេសថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីដែលមិនអនុញ្ញាឲ្យក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិតសម រង្ស៊ីចូលប្រទេសពួកគេ។

នាយករដ្ឋមន្រ្តីកម្ពុជាបានឲ្យអ្នកផ្សំគំនិតក្បត់ជាតិជាមួយទណ្ឌិតសម រង្ស៊ីចេញមកសារភាព បើមិនចេញមកទេ នឹងបន្តចាប់ខ្លួនដោយគ្មានការលើកលែង ។

ជាងនេះទៅទៀត សម្ដេចតេជោ រំលឹកថា កម្ពុជាមានសន្ដិភាពដូចសព្វថ្ងៃ គឺបានចំណាយសាច់ស្រស់ឈាមស្រស់ៗ ដើម្បីធានាឲ្យកម្ពុជាមានការឯកភាពទឹកដី។ ដូច្នេះទោះក្នុងតម្លៃណាក៏ដោយមិនឲ្យមានអ្នកបង្កអសន្ដិសុខឡើយ។ បើមាន គឺមិនអត់ឱនឲ្យទេត្រូវតែបង្ក្រាបភ្លាមៗ មិនទុកឲ្យប្រជាជនកម្ពុជា ស្លាប់ និងរបួសដូចអតីតកាល។

ឆ្លៀតឱកាសនោះដែរ នាយរដ្ឋមន្ដ្រីកម្ពុជា បានបន្ដអំពាវនាវទៅដល់ប្រជាជនខ្មែរទូទាំង ប្រទេសត្រូវទទួលទានអំបុក ទាំងអស់គ្នាថ្ងៃទី៩ វិច្ឆិកា ក្រោមពាក្យស្លាកថា “អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ” ៕ ដោយ អេង ប៊ូឆេង

To Top