ព័ត៌មានជាតិ

អភិបាលរងខេត្តកណ្ដាលសរសើរ សាលាអន្តរជាតិវេស្ទលេនដ៍ ដែលសិស្សប្រឡងជាប់បាក់ឌុប១០០%

ភ្នំពេញ ៖ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាលបានអបអរសាទរ ក៏ដូចជាកោតសរសើរចំពោះ សិស្សសាលាអន្តរជាតិវេស្ទលែន ដ៍មានជិត២០០នាក់ដែលបានប្រឡងជាប់ សញ្ញាបត្រថ្នាក់បឋមភូមិ និងថ្នាក់ទុតិយភូមិ (បាក់ឌុប) ជាស្ថាពរ ១០០% ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ កាលពីពេលថ្មីៗនេះ។

ក្នុងឱកាសអញ្ជើញជា អធិបតីភាពចែកវិញ្ញាបនបត្រមធ្យម សិក្សាបឋមភូមិ និងទុតិយភូមិ ប្រឡងជាប់ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក គីម រិទ្ធី បានថ្លែងថា “ខ្ញុំសូមកោតសរសើរ និងសូមអបអរសាទរចំពោះ សិស្សសាលាអន្តរជាតិវេស្ទលែនដ៍ជិត២០០នាក់ ដែលបានប្រឡងជាប់សញ្ញាបត្រថ្នាក់បឋមភូមិ និងថ្នាក់ទុតិយភូមិជាស្ថាពរ១០០% ក្នុងឆ្នាំសិក្សា ២០១៨-២០១៩” ។

លោកបញ្ជាក់ថា សាលាអន្តរជាតិវេស្ទលែន ដ៍ជាគ្រឹះស្ថានអប់រំឯកជនមួយ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកែទម្រង់ប្រព័ន្ធអប់រំស៊ីជម្រៅ យ៉ាងពិតប្រាកដ លើវិស័យអប់រំដោយមានការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់លើការ បណ្តុះបណ្តាលសិស្សានុសិស្ស ដែលជាធនធានមនុស្សដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត ដូចពាក្យស្លោកមួយឃ្លាបានពោលថា “យុវជនជាទំពាំងស្នងឬស្សី និងសរសរទ្រូង របស់ប្រទេសជាតិ ។

ក្នុងឱកាសនោះ លោកក៏បាន កោតសរសើរចំពោះថ្នាក់ដឹកនាំ សាលាអន្តរជាតិវេស្ទលែនដ៍ ដែលបានចូលរួម ក្នុងបុព្វហេតុសង្គមជាតិជាច្រើន រួមមាន ៖ ការធ្វើកម្មវិធីទិវាបរិស្ថានស្អាតក្នុងក្រុងតាខ្មៅជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមធ្វើការសម្អាតទីក្រុងតាខ្មៅ , កម្មវិធីបរិច្ចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងកម្មវិធីអប់រំផ្លូវចិត្តសិស្សានុសិស្សឲ្យខិតខំប្រឹងរៀនសូត្រ ។
លោកបន្ថែមថា សតវត្សទី២១នេះ គឺជាសម័យឧស្សាហកម្ម ៤.០ ដែលពិភពលោកមានការប្រកួតប្រជែងលើការអប់រំបច្ចេកវិទ្យា (Ai) ដូច្នេះប្រសិនបើសិស្សានុសិស្ស មិនមានការរៀបចំខ្លួនទាន់សម័យកាលទេ នឹងជួបផលលំបាកទាំងក្នុងការសិក្សា និងការងារ ។

ចំណែក លោក ថន សុកលីម នាយកសាលាអន្តរជាតិវេស្ទលេនដ៍បានឲ្យដឹងថា ដើម្បីចូលរួមចំណែក ធ្វើកំណែទម្រង់ប្រព័ន្ធអប់រំស៊ីជម្រៅ ក្នុងការពង្រឹងគុណភាពអប់រំថ្នាក់មធ្យមសិក្សា សាលាបានពង្រឹងលើការធ្វើតេស្តសិស្សយ៉ាងតឹងរឹង ដោយផ្អែកលើពាក្យស្លោករបស់ក្រសួងអប់រំគឺ “អ្នកចេះ គឺជាប់” និងបានរៀបចំកម្មវិធីសិក្សាផ្សារភ្ជាប់ទ្រឹស្តី ទៅនឹងការអនុវត្តជាក់ស្តែង រួមមាន ការធ្វើពិសោធន៍វិទ្យាសាស្រ្តមុខវិជ្ជា ជីវវិទ្យា រូបវិទ្យា និងគីមីវិទ្យា ។

លោកថា លើសពីនេះសាលាក៏បានរៀបចំកម្មវិធីចុះកម្មសិក្សាខ្លីៗតាមស្ថាប័នរដ្ឋ ក៏ដូចជាស្ថាប័នឯកជនមួយចំនួន ដើម្បីសិក្សាស្វែងយល់ ។ ទន្ទឹមនឹងនេះ សាលាក៏បានរៀបចំដំណើរទស្សនកិច្ចសិក្សានៅតាមតំបន់ប្រវត្តិសាស្រ្ត ដំណើរកម្សាន្តនៅតាមទីរម្យណីយដ្ឋាននានា ដើម្បីពង្រីកចំណេះដឹងលើវប្បធម៌ និងអរិយធម៌ខ្មែរ និងការរៀបចំកម្មវិធីពិព័ណ៌វិទ្យាសាស្រ្តបង្ហាញស្នាដៃសិស្សជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឲ្យពួកគេបញ្ចេញសមត្ថភាព ទេពកោសល្យ និងស្នាដៃ៕ ដោយ៖ធី លីថូ

To Top