ភ្នំពេញ ៖ នាយកប្រតិបត្តិការ អង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានបង្ហាញការជឿជាក់ថា លោក សម រង្ស៊ី ព្រមទាំងអតីត ថ្នាក់ដឹកនាំគណបក្ស សង្រ្គោះជាតិ (CNRP)មួយចំនួនមកមិនដល់ស្រុកខ្មែរ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនោះទេ ។
ការអះអាង របស់លោកនេះ ក្នុងពេលដែលលោកស្រី មូរ សុខហួរ អតីតមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិត្រូវបានឃាត់ខ្លួន (Detain) ដោយអាជ្ញាធរម៉ាឡេស៊ី ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ ដូចគ្នានេះ មុន២ថ្ងៃនៃមាតុភូមិនិវត្តន៍ សម រង្ស៊ី មានការផ្សព្វផ្សាយថា លោកបានដូរសំបុត្រយន្ដហោះ ដោយនឹងត្រឡប់មកពីប៉ារីស មកដល់ព្រលានយន្តហោះបាងកក ថ្ងៃ៩វិច្ឆិកា ។ ចំណុចនេះ សម្ដេចតេជោ បានចំអកឲ្យថា ដូច្នេះប្រាកដថា ក្រុមទណ្ឌិត សម រង្ស៊ី នឹងមិនមកស្រុកខ្មែរឡើយ ក្រោមហេតុផលថា អាជ្ញាធរថៃមិនចូលទឹកដីគេ ។
លោក ព្រាប កុលបានលើកឡើង ក្នុងហ្វេសប៊ុកនាថ្ងៃ៧ វិច្ឆិកា ថា “អ្នកនយោបាយខ្មែរ កំពុងដើរលើមាគ៌ា នយោបាយ ចាញ់ ចាញ់! ។ លោក សម រង្សី និងអតីតថ្នាក់ដឹកនាំ CNRP មកមិនដល់ស្រុកខ្មែរទេ ហើយក៏គ្មានអ្វីកើតឡើងធំដុំ ជាក់ស្តែងគួរឲ្យកត់សម្គាល់ដែរ នៅថ្ងៃ ៩ វិច្ឆិកា ឬក្នុងពេលបុណ្យអុំទូកនេះ” ។
លោកថា គឺមានតែការគិតថាអញ្ចេះ គិតថាអញ្ចុះ មានការភិតភ័យ ជ្រួលជ្រើមខ្លះ និងស្រមើស្រម៉ៃខ្លះប៉ុណ្ណោះ។
តែលោកសង្កត់ធ្ងន់ថា ក្នុងព្រឹត្តិការណ៍នេះ បានផ្តល់ផលប៉ះពាល់អវិជ្ជមានជាក់ស្តែងគឺខ្មែរខាតបង់ច្រើនយ៉ាងដូចខាងក្រោម៖
១) អ្នកវិនិយោគមិនចង់ដាក់ទុនរកស៊ី ឬត្រូវពន្យាពេលសម្រេចចិត្តធ្វើការវិនិយោគ ចរន្តពាណិជ្ជកម្មនឹងមានការបន្ថយល្បឿន ។
២) អាជ្ញាធរត្រូវចំណាយលុយច្រើនលាន ដើម្បីទប់ស្កាត់និងចល័តទ័ពត្រៀមទប់ស្កាត់បាតុភាពជាយថាហេតុ។
៣) ការវិវត្តន៍បែបនេះ អាចធ្វើឲ្យកម្ពុជា កាន់តែឈានទៅរកការបាត់បង់ EBA និង GSP។
៤) កម្លាំងអ្នកប្រជាធិបតេយ្យ កាន់តែប្រឈមនឹងគ្រោះថ្នាក់។
៥) ចិនកាន់តែឆ្លៀតឱកាស កេងចំណេញទាំងនយោបាយ និងសេដ្ឋកិច្ច ។
៦) វៀតណាម បានព្រំសីមា ដែលខ្លួនប្រាថ្នាចង់បាន ហើយជនអន្តោប្រវេសវៀតណាមខុសច្បាប់ ជាច្រើនឆ្លៀតពេលចូលសញ្ជាតិអស់។
៧) ពិភពលោកខ្លះសង្វេកខ្មែរ និងខ្លះទៀតសើចចំអក ។
ប៉ុន្តែលោកបានផ្តល់ដំណោះស្រាយ ដើម្បីស្តារស្ថានការណ៍រួមមាន៖
១) ដោះស្រាយបញ្ចប់ករណី លោក កឹម សុខា និងផ្តល់សិទ្ធិធ្វើនយោបាយ ឲ្យអតីតថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ។
២) ជជែកគ្នា ឬចរចារវាងអ្នកនយោបាយ ដែលមានទំនាស់ ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បីធ្វើដំណើរលើមាគ៌ាប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន និងជាពិសេសការបើក ឲ្យមានការប្រកួតប្រជែង នយោបាយដោយស្មើភាព ដោយសេរី និងយុត្តិធម៌ ។
៣) ដោះស្រាយបញ្ហា សិទ្ធិនយោបាយ ដើម្បីបញ្ជៀសការបាត់បង់ EBA និង GSP៕