ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជន តែងតែអះអាងថា ក្រោមការដឹកនាំរបស់ខ្លួន ប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ប៉ុន្តែការចល័តទ័ព និងការនាំឲ្យប្រទេសជាតិទាំងមូល ផ្តោតលើព្រឹត្តិការណ៍ទាក់ទង ផែនការវិលត្រឡប់មកវិញ នៃក្រុមមេដឹកនាំនយោបាយមួយចំនួន បាននាំមកនូវបរិយាកាសភ័យខ្លាច ដែលប៉ះពាល់ជាអវិជ្ជមាន ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មុខរបរចិញ្ចឹមជីវិត និងការវិនិយោគផ្សេងៗ។ នេះបើតាមការចេញផ្សាយអត្ថបទរបស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) ។
គ ប ម ក៏បានស្នើឲ្យអ្នកដឹកនាំនយោបាយ ល្មមដល់ពេលបញ្ចប់ នយោបាយគុំកួនគ្នាហើយ។
គណបក្សនេះ ក៏បានស្នើអ្នកដឹកនាំ នយោបាយទាំងពីរក្រុម ប្រើប្រាស់ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ជាទិវាបង្រួបបង្រួមជាតិ ឯកភាពជាតិ ដែលជាឧត្តមគតិដ៏សំខាន់ របស់ព្រះរាជបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
គណបក្សប្រជាធិបតេយ្យ មូលដ្ឋានបញ្ជាក់ថា “ល្មមដល់ពេល អ្នកដឹកនាំនយោបាយកំពូលៗ បញ្ចប់នូវនយោបាយ ដែលនាំមកនូវគំនុំគុំកួន និងបង្កឲ្យមានការឈឺចាប់ទៅវិញទៅមក និងដែលធ្វើឲ្យ ប្រជាពលរដ្ឋស្លូតត្រង់រងគ្រោះ និងបង្កហានិភ័យដល់ជាតិ។ សូមងាកមកអនុវត្តវប្បធម៌នយោបាយថ្មី ហើយឯកភាពគ្នាក្នុងការកសាងជាតិ តាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស” ៕