ភ្នំពេញ ៖ ក្រុមកីឡា ទូកង នៅរសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បាននាំគ្នាហ្វឹកហាត់សម ត្រៀមប្រយុទ្ធ ក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ចាប់ពីថ្ងៃទី១០-១២វិច្ឆិកា ខាងមុខនេះ ។
ឆ្នាំ២០១៩នេះ ចំនួនទូកដែលដាក់ពាក្យប្រកួតកើនឡើង រហូតដល់ ២៩៧ទូក ខណៈឆ្នាំ២០១៨ មានតែ២៩៥ទូក។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកមានតាំងពីបុរាណ យូរលង់មកហើយ ដែលមានចែងក្នុងឯកសារ របស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរ។
យោងតាមសៀវភៅជ័យវរ្ម័នទី៧ មានក្នុងវិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យពីដើមចែងថា ក្នុងសម័យអង្គរនាគ.ស សតវត្សរ៍ទី១២ កម្ពុជាមានសេចក្តីសុខក្សេមក្សាន្តរុងរឿង ដោយព្រះបាទជ័យវរ្ម័នទី៧ ស្តេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាម ដោយកងទ័ពទូកជាចម្បាំង រំដោះក្រុងកម្ពុជាឲ្យរួច ផុតស្រឡះពីខ្មាំងសត្រូវ (គ.ស ១១៧៧-១១៨១) ។ រឿងចម្បាំងគ្រានោះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មា៕
ប្រវត្តិសាស្ត្រ ត្រង់នេះហើយ ទើបនាំឲ្យប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរម្លឹកដល់គំរូវីរភាព ដ៏ អង់អាចក្លាហាន របស់កងទ័ពជើងទឹករបស់ខ្មែរ ដែលបានរំដោះទឹកដីឲ្យ រួចផុតពីការជិះជាន់របស់ពួកចាម ដែលជា ខ្មាំងសត្រូវរបស់ខ្មែរនាសម័យនោះ ៕