ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា មិនមានប្រជាពលរដ្ឋខ្មែររាប់មុឺននាក់ សម្រុកចូលស្រុកខ្មែ រ ឡេីយ ។
ការលេីកឡេីងបែបនេះ ក្រោយពី គណនីយហ្វេសប៊ុក ឈ្មោះ Ratanakraksmey Ly នៅថ្ងៃទី៧ វិច្ឆិកា នេះបានផ្សព្វផ្សាយព័ត៌មាន រូបភាព និង វីដេអូ ដោយនិយាយថា មានបងប្អូនពលករ ពលការិនី ខ្មែរនៅថៃរាប់ម៉ឺននាក់ កំពុងរង់ចាំសម្រុកចូលមកកម្ពុជា ។
យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសរសេរ ថា “សូមជម្រាបជូនដល់សាធារណជន ឲ្យបានជ្រាបថា ព័ត៌មាន និង រូបភាព ទាំងអស់នេះគឺជាការបំភ្លៃទាំងស្រុង”។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្ថែមថា រាល់បណ្តាច្រកព្រំដែន អន្តរជាតិ កម្ពុជា ថៃ ទាំងអស់ពុំមានស្ថានភាព ដូចនេះឡើយ គឺមានសភាពធម្មតា ពុំមានការកកកុញ ឬចំនួនចេញ ចូលខុសប្រក្រតីនោះទេ ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរកឃើញថារូបភាពវីដេអូដែល បានបង្ហោះផ្សព្វផ្សាយនោះគឺនៅច្រកព្រំដែន អន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដែលកើតមានឡើងតាំងតែពីឆ្នាំ២០១៣-២០១៤ មកម្ល៉េះ ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មាន និង រូបភាពវីដេអូ របស់គណនីយហ្វេសប៊ុក ឈ្មោះ Ratanakraksmey Ly គឺមានចេតនាទុច្ចរិត ចង់ឲ្យមានការយល់ច្រឡំដល់សាធារណជន និងដែលអាចបង្កឲ្យមានសភាពការណ៍អាក្រក់ណាមួយកើតឡើង ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងគោលបំណងបម្រើកលល្បិចនយោបាយរបស់ក្រុមប្រឆាំងប៉ុណ្ណោះ ៕