ព័ត៌មានជាតិ

គណៈកម្មាធិការ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក ឲ្យពលរដ្ឋចូលរួមទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ថ្ងៃអុំទូក

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅថ្ងៃបុណ្យអុំទូកខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ អ្នកបើកបរធ្វើការ ប្រុងប្រយ័ត្នពេលធ្វើដំណើរ។

យោងតាមសេចក្តីអំពាវនាវ ស្តីពីការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបនិងសំពះព្រះខែឆ្នាំ២០១៩ បានលើកឡើងថា អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវចូលរួមចំណែកបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដើម្បីថែរក្សា ការពារការបាត់បង់អាយុជីវិត និងកាយសម្បទាមនុស្សជាទីស្រឡាញ់ ឬរងរបួស ពិការ និងបាត់បង់ទ្រព្យសម្បត្តិរបស់រដ្ឋ និងឯកជនក្នុងគ្រោះថ្នាក់ចរាចរណ៍ ត្រូវយកចិត្តទុកដាក់លើកកម្ពស់ការប្រុងប្រយ័ត្ន ក្នុងពេលដំណើរតាមផ្លូវថ្នល់ ។

គណៈកម្មាធិការបានអំពាវនាវចំនួន ១០ចំណុចដូចខាងក្រោម ៖

១-ត្រូវពាក់មួកសុវត្ថិភាពដែល មានគុណភាពត្រឹមត្រូវពេលធ្វើដំណើរតាមទោចក្រយានយន្ត។

២-មិនត្រូវបើកបរលើសល្បឿនកំណត់ ព្រោះអាចបាត់បង់ស្មារតីគ្រប់គ្រងយានយន្តពេលជួបឧបសគ្គ ជាយថាហេតុ។

៣-មិនត្រូវបើកបរ ក្រោយការពិសារគ្រឿងស្រវឹង។

៤-ត្រូវគោរពសិទ្ធិអាទិភាព ដោយត្រូវទុកឲ្យអ្នកបើកបរផ្លូវធំ ហើយត្រង់ទៅមុន គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។

៥-ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត។

៦-មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន និងមិនត្រូវប្រើទូរស័ព្ទដោយគ្មាន ឧបករណ៍បន្តសំឡេងក្នុងពេលបើកបរ។

៧-ត្រូវត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្តម៉ត់ចត់ ។

៨-មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញសំពីងសំពោងលើសចំនួនផ្ទុក ឬលើសទម្ងន់កំណត់ក្នុងច្បាប់ និងកុំដំឡើងថ្លៃដឹកជញ្ជូន។

៩-មិនត្រូវបើកបរក្នុងស្ថានភាពងងុយ ជាដាច់ខាត។

១០-ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ យោគយល់អាធ្យាស្រ័យ៕

To Top