ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ អំពាវនាវឲ្យជប៉ុន មកវិនិយោគនៅកម្ពុជា កាន់តែច្រើន

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវឲ្យអ្នកវិនិយោគជប៉ុន មករកស៊ីនៅកម្ពុជា ឲ្យបានច្រើនថែមទៀត ដោយសារកម្ពុជា មានហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនកាន់តែប្រសើរឡើង។

ក្នុងជំនួបពិភាក្សាជាមួយ លោក SUZUKI Hideo ឧបការីរដ្ឋមន្ត្រីការបរទេសជប៉ុន នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ស្នើជប៉ុនបន្ដពង្រីក កិច្ចសហការជាមួយកម្ពុជាបន្ថែមទៀត។

លោកមានប្រសាសន៍ថា “អំពាវនាវឲ្យវិនិយោគិនជប៉ុន មកវិនិយោគនៅកម្ពុជា ឲ្យបានច្រើន ព្រោះថា កម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនកាន់តែប្រសើរ និងមានគោលនយោបាយអនុគ្រោះ សម្រាប់វិនិយោគិនបរទេសផងដែរ” ។

លោកបន្ដថា ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងរក្សាកំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ។ លោកថា កម្ពុជាបាននិងកំពុង រៀបចំផែនការមេអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផែនការមេកំពង់ផែ និងផែនការមេភស្តុភារកម្មជាដើម សំដៅអភិវឌ្ឍន៍ និងធ្វើទំនើបកម្ម ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ឲ្យមានប្រសិទ្ធភាព និងស្របតាមកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ។

រដ្ឋមន្ដ្រីសាធារណការ លើកឡើងទៀតថា ការរីកចម្រើន នៃវិស័យហេដ្ឋារចនាសម្ព័ន្ធ និងកំពង់ផែ ក្រោមកិច្ចសហការខ្ពស់ពីភាគីជប៉ុន តាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ដូចជា៖ ការពង្រីកផ្លូវជាតិលេខ៥ ការសាងសង់ និងធ្វើទំនើបកម្ម កំពង់ផែស្វយ័តក្រុងព្រះសីហនុ ការអភិវឌ្ឍប្រព័ន្ធផ្លាស់ប្ដូរ ទិន្នន័យតាមអេឡិចត្រូនិក សម្រាប់នាវាចេញ-ចូលកំពង់ផែ (Port EDI) ការគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ រួមទាំងការគាំទ្រក្នុងការតាក់តែងច្បាប់ និងបទប្បញ្ញត្តិនានា ទាក់ទងវិស័យសាធារណការ ៕ ដោយ៖ អេង ប៊ូឆេង

To Top