ព័ត៌មានជាតិ

រដ្ឋមន្រ្តីពាណិជ្ជកម្មខ្មែរ ៖ ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម នាំចូលអន្ដរជាតិចិន ជាវេទិកាដ៏សំខាន់

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម នាំចូលអន្ដរជាតិចិន គឺជាវេទិកាដ៏មានសារសំខាន់បំផុតមួយ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងអ្នកវិយោគជាអន្តរជាតិចិន ជាមួយបណ្ដាប្រទេស ចូលរួមទាំងអស់នៅលើពិភពលោក។

ក្នុងឱកាសអញ្ជើញចូលរួម ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្ម នាំចូលអន្តរជាតិចិនលើកទី២ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត ទីក្រុងសៀងហៃ ប្រទេសចិន លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ព្រឹត្តិការណ៍នេះ បង្ហាញនូវការគាំទ្ររបស់កម្ពុជា ចំពោះគោលនយោបាយ បើកចំហរទីផ្សារលើទំនិញ នាំចូលពីបរទេសមកទីផ្សារចិន និងជាការជំរុញចលនាទៅមុខ នៃសកលភាវូបពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់ និងពិភពលោក។

លោកសង្កត់ថា ដោយឡែកការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ បានរៀបចំសាងសង់ពន្លាជាតិកម្ពុជា តាមរចនាបទខ្មែរសម័យចតុមុខ នៅលើផ្ទៃដីទំហំ ២៥៦ ម៉ែត្រការ៉េ ដោយក្នុងពន្លជាតិ មានតុបតែងដាក់តាំងលម្អ ដោយរូបភាពនៃតំបន់ទេសចរណ៍ វប្បធម៌ប្រវត្តិសាស្រ្តរបស់កម្ពុជា និងមានបញ្ជរដាក់តាំងផលិតផល និងសេវាកម្ម ដែលជាសក្តានុពលរបស់ប្រទេស ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគថ្មីៗបន្ថែមទៀត ចូលលមកប្រទេសកម្ពុជា។

លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ កម្ពុជាបានដឹកនាំក្រុមហ៊ុន៣គឺ សហព័ន្ធស្រូវអង្ករ និងក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យ ព្រមទាំងសំណង់ទេសចរណ៍ ទៅចូលរួមផ្សព្វផ្សាយ និងស្វែងរកដៃគូវិនិយោគ បន្ថែមផងដែរ៕ ដោយ៖ធី លីថូ

To Top