បន្ទាយមានជ័យ ៖ ក្រុមសកម្មជនគាំទ្រ ចលនាឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយ ទណ្ឌិត សម រង្ស៊ីកាលពីពេលថ្មីៗនេះបាន ជួលបន្ទប់ប្រមាណ២០០បន្ទប់ ដែលមួយបន្ទប់ មានតម្លៃប្រមាណ៣៥០បាត ទៅ ៤៥០បាត ក្នុងផ្ទះ សំណាក់ មួយកន្លែង ស្ថិតក្នុងស្រុកអារញ្ញ ខេត្ត ស្រះកែវ ដើម្បីត្រៀម ធ្វើសកម្មភាពខុសច្បាប់ នៅក្បែរព្រំដែនកម្ពុជា- ថៃ ត្រង់ចំណុចច្រកអន្តរជាតិប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។
ប្រភព ព័ត៌មានបានឲ្យដឹងថា ការជួលបន្ទប់នេះ គឺសម្រាប់ក្រុមប្រឆាំង មកពីបណ្ដាប្រទេសនានាស្នាក់នៅរៀបចំសកម្មភាព បង្កចលាចលនៅក្បែរតំបន់ព្រំដែនខ្មែរ ថៃ ។ ស្របពេល ជាមួយ គ្នានោះសកម្មជនខ្លះបានធ្វើដំណើរមកដល់ប្រទេសថៃហើយ ។
ចំពោះស្ថានភាពទូទៅ នៅតំបន់ព្រំដែន នាថ្ងៃនេះវិញ មានសភាពធម្មតាដូចសព្វមួយដង ប្រជាពលរដ្ឋ និងអាជីវករ ធ្វើដំណើរចេញចូល ដោះដូរទំនិញនិងប្រកប របរចិញ្ចឹម ជីវិតជាប្រក្រតី ។
សូមរំលឹកថា ទណ្ឌិត សម រង្ស៊ី មេដឹកនាំ ចលនា ឧទ្ទាមក្រៅច្បាប់កាលពីថ្ងៃទី៧ ខែ វិច្ឆិកា កន្លងទៅបានប្រកាសពន្យារពេលធ្វើមាតុភូមិនិវត្តន៍មកស្រុកខ្មែរ ក្រោយ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា មិនឲ្យប្រើប្រាស់ទឹកដីថៃ ដើម្បីប្រមូលសកម្មជនសម្រុកចូលស្រុកខ្មែរ ដើម្បីធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ៕






