ភ្នំពេញ៖ ក្រោយពីវេទិកាស្មេរ បញ្ចេញអត្ថបទរបស់ខ្លួន ក្រោមចំណងជើងថា “ផាកហើយ កុំខឹង សំខាន់ផាក មានវិក្ក័យបត្រ” នាថ្ងៃព្រហ្បត្តិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩រួចមក យើងបានទទួលសំណួរ និងការបញ្ចេញជាយោបល់ជាច្រើន។
វេទិកាស្មេរ សូមថ្លែងអំណរគុណ ដល់មិត្តអ្នកអាន ដែលចាប់អារម្មណ៍លើអត្ថបទរបស់យើង ហើយដែលធ្វើឱ្យចំនួនអ្នកមើលអត្ថបទនេះ មានចំនួនច្រើនគួរឱ្យកត់សម្គាល់ ពោលគឺក្នុងរយៈមិនដល់១ម៉ោង មានអ្នកចែកចាយបន្តរហូតដល់ទៅ ១២០០ដង។
វេទិកាស្មេរ សូមលើកយកសំណួរ១ ក្នុងចំណោមសំណួរ ជាច្រើនផ្សេងទៀត ដែលបានចោទសួរមកកាន់វេទិកាស្មេរត្រង់ៗតែម្តង។
ខ្លឹមសារសំណួរ៖ “មើល អ្នកសសេរព័ត៌មាន បើចិត្តសឿងចេញមុខឆ្លើយសំណូរមក តើក្រដាសបិទនៅលើកញ្ចក់បញ្ចាក់ពីវិញ្ញាបនបត្រ និង មាន QR codeផងនោះ មិនបានបញ្ចាក់ភាពត្រឹមត្រូវចេញពីក្រសួង ទេមែនទេ? បើវាគ្មានបានការ ទេចាំបាច់ចេញពីក្រសួងសាធារណការ បំផ្លាញ់ថវិការរដ្ឋាភិបាល រកងាប់ស្អី?”
សំណួរនេះ វេទិកាស្មេរ មិនមែនជាអ្នកបច្ចេកទេសទេ ដែលអាចឆ្លើយជំនួសមន្រ្តីជំនាញបានទេ។ ប៉ុន្តែយើង បានខិតខំព្យាយាម ទាក់ទងទៅខាងអ្នកនាំពាក្យ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីជួយបំភ្លឺករណីនេះ៖

ចម្លើយ៖ យើងបង្កើតQR Code ឡើងដើម្បីចូលរួម ក្នុងការផ្ទៀងផ្ទាត់អំពីថា ស្លាកលេខក្តី កាតគ្រី (បណ្ណសម្គាល់យានយន្ត)ក្តី រឺឯកសារអាជ្ញាប័ណ្ណទាំងអស់ ដែលមាននៅក្នុងវិស័យដឹកជញ្ជូនផ្លូវគោក។ និយាយជារួមទៅ យើងអាចផ្ទៀងផ្ទាត់គល់បញ្ជីបានថាតើវាត្រឹមត្រូវដែររឺអត់? ចំពោះសំណួរនេះ យើងត្រូវតែគោរពអនុក្រឹត្យ។ អនុក្រឹត្យបានចែងមកអីចឹង ហើយការផាកពិន័យហ្នឹង គេពិនិត្យទៅលើវិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស រឺហៅថាឆៀក ដែលមានទំហំ A5 មិនមែនA4ទេ។ ក្នុងអនុក្រឹត្យគេកំណត់អីចឹង តែបើយើងនិយាយឡូហ្សិកច ជាក់ស្តែងវិញគឺថា មានការផ្ទៀងផ្ទាត់គល់បញ្ជីហើយ ហើយបិទលើកញ្ចក់ឡានហើយ ហេតុម្តេចបានជាចាំបាច់ពិនិត្យអាហ្នឹងទៀត។ ពិតណាស់ វាហេតុផលរបស់គេ ដោយសារឆៀក វាមានច្រើនដំណាក់ ដូច្នេះហើយវិញ្ញាណបនបត្រ មានព័ត៌មានច្រើនជាងហ្នឹង។
យ៉ាងណាក៏ដោយលើជាទស្សនៈយោបល់ លើQR Code ហ្នឹងយើងទទួលស្តាប់ ហើយនិងយកទៅពិចារណា។ ក្រោយពីបុណ្យអុំទូកហើយ យើងនឹងរកពេលវេលាដើម្បីពិភាក្សាគ្នារួមគ្នា ជាមួយមន្រ្តីជំនាញ និងក្រសួងពាក់ព័ន្ធ។ ជារួម យើងនឹងស្វែងរកដំណោះស្រាយ ដើម្បីកុំឱ្យប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់ រឺការស្មុគស្មាញ តទៅទៀត។





















