នយោបាយ

ន័យបញ្ឆិតបញ្ឆៀង ទូតអាមេរិក ស្នើកម្ពុជា ដោះស្រាយ អ្នកជាប់ឃុំ និងអនុញ្ញាត ឲ្យពលរដ្ឋខ្មែរ ក្នុង-ក្រៅប្រទេស ចូលប្រឡូក នយោបាយវិញ

ភ្នំពេញ ៖ ហាក់មិនបញ្ចេញ ចំឈ្មោះបុគ្គលណានោះ លោក W.Patrichk Muryhy ឯកអគ្គរាជទូតអាមេរិក ប្រចាំកម្ពុជា ដូចជាបានសំដៅ ឈ្មោះលោក កឹម សុខា និងអតីត មន្រ្តីគណបក្ស ប្រឆាំងនិរទ្ទេសខ្លួន នៅក្រៅប្រទេសដោយបានស្នើ ឲ្យអាជ្ញាធរកម្ពុជា ដោះស្រាយបញ្ហា អ្នកជាប់ឃុំ និងឲ្យប្រជាពលរដ្ឋកម្ពុជា រស់នៅក្នុងនិងក្រៅប្រទេស ចូលប្រឡូកឆាកនយោបាយវិញ ។

លោក កឹម សុខា ត្រូវបានជាប់ពន្ធនាគារ និងអតីតមន្រ្តីបក្សប្រឆាំងផ្សេងទៀត បាននិរទ្ទេសខ្លួនឯង ទៅក្រៅប្រទេស បន្ទាប់ពីអតីតគណបក្សសង្រ្គោះជាតិ ត្រូវរំលាយចោល កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ បន្ទាប់ពីរំលាយមន្រ្តីបក្សនេះ ក៏បានកាត់សិទ្ធិធ្វើនយោបាយទាំងអស់ ។

នៅចំពោះមុខសម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក W.Patrichk Muryhy បានថ្លែងថា ការឃុំនិងឃាត់ខ្លួន ទៅលើបុគ្គលមួយចំនួន អាចប៉ះពាល់ដល់សេរីភាពពួកគាត់ ដូច្នេះគួរតែធ្វើការដោះស្រាយ ដើម្បីធានាមុខមាត់កម្ពុជា នៅលើឆាកអន្ដរជាតិ ។

ក្រោយបញ្ចប់ជំនួបពិភាក្សា ការងារជាមួយសម្ដេច ស ខេង នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក W.Patrichk Muryhy បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅពេលលោកជួបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា គឺលើកឡើងថា អាមេរិក-កម្ពុជា គួរតែពិភាក្សាគ្នាដោយត្រង់ៗ ទៅលើបញ្ហាប្រជាធិបតេយ្យ និងសេរីពហុបក្ស ។

លោកបន្តថា “ជាពិសេសគួរតែអនុញ្ញាត ប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស ចូលរួមក្នុងដំណើរការ នយោបាយ ទោះបីមានមតិប្រឆាំង និងយោបល់ជំទាស់យ៉ាងណាក៏ដោយ។ ជាពិសេសបានលើកឡើងអំពីការឃុំខ្លួន ឃាត់ខ្លួន ទៅលើបុគ្គលមួយចំនួនផងដែរ ។ ដែលជាការមួយបដិសេធ ទៅលើសេរីភាពរបស់ពួកគេ ។ យើងខ្ញុំបានលើកថា គួរតែមានជំហាន ដើម្បីធ្វើការដោះស្រាយនូវបញ្ហានេះ ជាពិសេស ដើម្បីធានានៅជំហរមុខ មាត់ប្រទេសកម្ពុជា នៅលើឆាកអន្ដរជាតិ” ។

ជាការឆ្លើយតប សម្ដេច ស ខេង ថ្លែងថា ក្នុងក្របខណ្ឌកម្ពុជា ដែលជាប្រទេសប្រកាន់ របបប្រជាធិបតេយ្យ សេរីពហុបក្ស រាជរដ្ឋាភិបាល នឹងខិតខំធ្វើអ្វីៗដែលសមស្របអាច នាំឲ្យកម្ពុជាមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។

នេះជាការលើកដំបូង ហើយដែលបង្ហាញថា លោកទូតនិយាយពីបញ្ហានយោបាយ និងសិទ្ធិមនុស្សរបស់កម្ពុជា ក្រោយពីបានឡើងមកកាន់ការងារជាទូត កាលពីប៉ុន្មានខែមុននេះ ។ ភ្លាមៗបន្ទាប់ពីក្លាយជាមន្រ្តីទូតប្រចាំកម្ពុជា លោកបានបង្ហាញពីសកម្មភាពនានា ផ្នែកមនុស្សធម៌ទាំងនៅរាជធានី និងបណ្តាខេត្តមួយចំនួន ។

ឆ្លៀតឱកាសក្នុងជំនួបជាមួយរដ្ឋមន្រ្តីមហាផ្ទៃ លោក W.Patrichk Muryhy ចូលរួមអបអរសាទរ បុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក ដោយលោកនឹងចូលរួមក្នុងពិធីទាំងពីរនេះ។ ទូតអាមេរិក សង្ឃឹមថា សមត្ថកិច្ចនឹងធានាសុវត្ថិភាព ជូនពលរដ្ឋក្នុងឱកាសបុណ្យទាំងពីរនេះផងដែរ ៕ ដោយ ៖ អេង ប៊ូឆេង

To Top