ព័ត៌មានជាតិ

ជប៉ុនផ្តល់២៥ម៉ឺនដុល្លារ សម្រាប់មជ្ឈមណ្ឌល តម្កល់ឯកសារច្បាប់ ពាក់ព័ន្ធអ.វ.ត.ក.

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានអនុម័តការប្រើប្រាស់ថវិកា ចំនួន២៥១.៩៧០ ដុល្លារ (ពីររយហាសិបមួយពាន់ ប្រាំបួនរយចិតសិបដុល្លារ ) ពីថវិកា បដិភាគនៃជំនួយឥតសំណងក្រៅគម្រោង សម្រាប់ការអនុវត្តគម្រោង “អនុវត្តអាណត្តិកេរដំណែល” របស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា ថវិកានេះនឹងត្រូវយកទៅប្រើប្រាស់ សម្រាប់បន្តសកម្មភាព និងការងារក្នុងគម្រោងដូចខាងក្រោម ៖ គម្រោងផ្សព្វផ្សាយចល័ត សម្រាប់រយៈពេល៣ឆ្នាំ , គម្រោងផ្លាស់ប្តូរទស្សនកិច្ច , គម្រោងរយៈ ពេលពីរឆ្នាំសម្រាប់ ផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងការសរសេរអត្ថបទស្រាវជ្រាវ និងសារណា ទាក់ទងអំពើប្រល័យពូជសាសន៍ របបកម្ពុជាប្រជាធិបតេយ្យ ឬកេរដំណែល នៃសាលាក្ដីខ្មែរក្រហម និងការអភិវឌ្ឍ និងធ្វើឲ្យប្រសើរឡើង កម្មវិធីសាលាក្ដីទូរនិម្មិត របស់មជ្ឈមណ្ឌល ។

សូមរំលឹកថា មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា(ម.ត.ឯ.ច.) បង្កើតឡើងសម្រាប់ការរៀបចំ ការអនុវត្តនូវកេរតំណែល និងការបន្សល់ទុករឿងក្តី របស់សាលាក្តីខ្មែរក្រហម។ ម.ត.ឯ.ច. នេះ បង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ និងសម្ពោធជាផ្លូវការ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ៕ ដោយ៖ អេង ប៊ូឆេង

To Top