ភ្នំពេញ ៖ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញជួបសំណេះ សំណាល ជាមួយកីឡាករ- កីឡាការិនី ចំណុះទូកថ្នាក់រាជធានីភ្នំពេញ ជាង៥០ទូក និងចែកអំណោយមួយចំនួន ដើម្បីត្រៀមខ្លួនចូលរួម ប្រកួតថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ចាប់ពីថ្ងៃ១០-១១-១២វិច្ឆិកា ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកទឹកចិត្តក្រុមកីឡាករ-កីឡាការិនីដែលជាចំណុះទូកអុំ ទូកចែវទាំងអស់ ឲ្យខិតខំប្រឹងប្រែងបញ្ចេញ អស់កំលាំងកាយចិត្ត រួមសាមគ្គីគ្នា ដើម្បីដណ្តើមយកជ័យជំនះ និងនាំកិត្តិយសជូនវត្ត សង្កាត់-ខណ្ឌ និងរាជធានីភ្នំពេញ ។
ជាមួយគ្នានេះ លោកក៏បានអំពាវក្រុមកីឡាករ ថែរក្សាសុខភាព ហូបចុកនិងសំរាកយកកំលាំង ឲ្យបានគ្រប់គ្រាន់ ។
លោកសង្កត់ធ្ងន់ថា ចិត្តជាកីឡាទោះចាញ់ឬឈ្នះ ជារឿងធម្មតា ប្រកួតដើម្បីចូលរួមថែរក្សា ប្រពៃណីវប្បធម៌ ទំនៀមទំលាប់ជាតិ និដើម្បីសុខភាព ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃ៨វិច្ឆិកា នេះដែរ រដ្ឋបាលរាជធានីភ្នំពេញរៀបចំការ ប្រណាំងទូកសាកល្បង សមកំលាំងនៅតាមដងទន្លេសាប នៅចំណុចមុខវត្តឧណ្ណាឡោម ៕ ដោយ៖ម៉ៅ ដារ៉ាត់