ព័ត៌មានជាតិ

ជ្រូក៣០០ក្បាល ដែលសមត្ថកិច្ចបង្រ្កាប ពីឈ្មួញវៀតណាម​ បន្តងាប់ជាបណ្តើរៗ ដោយសារខ្វះចំណី និងទឹកផឹក

ភ្នំពេញ៖ សត្វជ្រូក ៣០០ ក្បាល ដែលសមត្ថកិច្ចនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្វាយរៀង បាន បង្ក្រាបពីឈ្មួញជនជាតិវៀតណាម កាលពីព្រឹកថ្ងៃទី៤ វិច្ឆិកា នោះ បានងាប់ជាបន្តបន្ទាប់ជាង៨០ក្បាល ដោយសារតែម្ចាស់ជ្រូក មិនព្រមឲ្យចំណី និងទឹកជ្រូកផឹក។

ប្រភពពីមន្ត្រីពេទ្យសត្វ បានឲ្យដឹងថា ជ្រូកងាប់អស់ជាង ៨០ ក្បាល សមត្ថកិច្ចបានជីករណ្តៅដុត និងកប់ចោល ទាំង អស់ហើយ ។ នៅពេលនេះ ជ្រូកនៅសល់តែជាង ២០០ ក្បាលទៀតនោះទេ និងងាប់ជាបណ្តើរៗ រហូតទាល់តែអស់ ប្រសិនបើម្ចាស់ ជ្រូកមិនព្រមដាក់ចំណី និងទឹកឲ្យជ្រូក ពីព្រោះសត្វជ្រូកនេះ មិនអាចទ្រទ្រង់អត់ចំណី អត់ទឹកបាន យូរថ្ងៃនោះទេ ថែមទាំងនៅក្រោមកំដៅថ្ងៃទៀត ។

ប្រភពដដែលបន្តទៀតថា ដោយឈ្មួញជនជាតិវៀតណាមទាំងនោះ ដឹកជ្រូកចេញ – ចូល ឆ្លងដែនដោយគ្មានច្បាប់ នាំចេញបែបនេះ ហើយសង្ស័យថា ជាជ្រូកនាំចូលពីប្រទេសវៀតណាមផង សមត្ថកិច្ចជំនាញ ក៏ធ្វើការបូមឈាមសត្វ ជ្រូកទាំងនោះ ទៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ ដើម្បីរកមេរោគ ហើយបើគ្មានមេរោគអ្វីទេ មន្ទីរនឹងប្រគល់ជ្រូកឲ្យ ម្ចាស់វិញ ប៉ុន្តែបើមានផ្ទុកមេរោគ និងកម្ទេចចោលទាំងអស់ ។

ប្រភពដដែលបន្តថា ប៉ុន្តែលទ្ធផលនៃមន្ទីរពិសោធន៍ រហូតមកដល់ថ្ងៃទី៧ វិច្ឆិកា នេះ គឺមិនទាន់ទទួលបាននៅឡើយ ទេ។ ហើយជ្រូកអាចនិងបន្តងាប់ បើសិនជាម្ចាស់ មិនអើពើឲ្យចំណីនិងទឹក ៕

To Top