ភ្នំពេញ ៖ ក្រោយពីបានព្រលែង កូនក្រពើ នៅកសិណប្រាសាទអង្គរវត្ត (កសិន្ធុអង្គរវត្ត ) បង្កឲ្យមានការភ័យ ខ្លាចដល់ពលរដ្ឋ និងទទួលការរិះគន់ ពីសាធារណជនផងនោះ ក្រុមការងារចម្រុះរដ្ឋបាលខេត្ត និងអាជ្ញាធរអប្សរា បានចុះពិនិត្យ និងរកមធ្យោបាយស្វែងរក ចាប់កូនក្រពើយកមកវិញ ។
បើតាមការផ្សព្វផ្សាយ របស់រដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារចម្រុះរដ្ឋបាលខេត្ត អាជ្ញាធរអប្សរា មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ បានចុះពិនិត្យកន្លែង ដែលបានលែងកូនក្រពើ និងរកមធ្យោបាយ ដើម្បីតាមចាប់កូនក្រពើតូចមកវិញ ។
កូនក្រពើនោះមាន បណ្ដោយប្រហែល ៤០សង់ទីម៉ែត្រ បានព្រលែងចូលក្នុង កសិណប្រាសាទអង្គរវត្ត ប៉ែកខាងកើតកាលពី៣ថ្ងៃមុន។
ក្រោយពីបានចុះដល់ទីតាំង និងបានពិនិត្យជាក់ស្ដែងរួចមក លោកនាយករដ្ឋបាលសាលាខេត្ត បានសុំឲ្យអាជ្ញាធរអប្សរា សហការជាមួយក្រុមការងារជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តកិច្ចការតាមចាប់កូនក្រពើនេះ ដោយប្រើប្រាស់កម្លាំងមន្ត្រីជំនាញ តាមប្រមាញ់២៤ម៉ោង លើ ២៤ម៉ោង ពិសេសពេលកូនក្រពើចេញ រកចំណីនៅពេលយប់ តាមមាត់ច្រាំងនៃកសិណប្រាសាទអង្គរវត្ត។
តាមការបញ្ជាក់របស់មន្ត្រីជំនាញថា កូនក្រពើនេះ នៅតូចមិនទាន់ចល័តចេញពីកសិណនេះនៅឡើយទេ ។ មន្ត្រីជំនាញនឹងប្រើប្រាស់ មធ្យោបាយចាប់មកវិញ ដោយការដាក់សន្ទូច ឬការអូសមង ឬការឆ្លុះនឹងកែឆ្លុះចាប់នៅពេលយប់ ។
រដ្ឋបាលខេត្តបានស្នើសាធារណជន កុំមានភ្ញាក់ផ្អើល និងព្រួយបារម្ភឡើយ ព្រោះកូនក្រពើនេះនៅតូចមិនទាន់អាចបង្កគ្រោះអ្វីឡើយ ហើយសមត្ថកិច្ចនឹង រកឃើញក្នុងពេលឆាប់ៗ ខាងមុខនេះផងដែរ ៕







