នយោបាយ

លិខិតមិត្តអ្នកអាន៖ « សម រង្ស៊ី លេងប៉ាហ៊ី កណ្តាលក្រុងប៉ារីស បោកប្រាស់អ្នកគាំទ្រ! »

ដូចការទស្សន៍ទាយមែន ផែនការ ៩ វិច្ឆិកា របស់លោក សម រង្ស៊ី បានទទួលបរាជ័យមុនថ្ងៃកំណត់។ លោក សម រង្ស៊ី បានចេញមុខមកប្រកាស ជាសាធារណៈ នៅល្ងាចថ្ងៃទី៧ វិច្ឆិកា ដោយបញ្ជាក់ថា ផែនការត្រូវពន្យារពេល ដោយមូលហេតុ ក្រុមហ៊ុនយន្តហោះថៃមិនឲ្យជិះ។ រហូតដល់ថ្ងៃទី ៨វិច្ឆិកានេះ លោក សម រង្ស៊ី នៅទីក្រុងប៉ារីសនៅឡើយ ដោយអះអាងថា នឹងទិញសំបុត្រយន្តហោះថ្មី ពីក្រុមហ៊ុនអាកាសចរណ៍ថ្មី។

ការប្រកាសរបស់លោក សម រង្ស៊ី គ្មានអ្វីចម្លែកទេ ពីព្រោះគេបានដឹងជាមុនរួចហើយថា លោក សម រង្ស៊ី នឹងប្រើលេសបែបនេះ ដើម្បីពន្យល់មូលហេតុ ដែលខ្លួនមិនបានទៅដល់កម្ពុជា នៅថ្ងៃទី ៩វិច្ឆិកាដូចការគ្រោងទុក។ និយាយឲ្យស្រួលស្តាប់ លោក សម រង្ស៊ី មិនហ៊ានមកទេ ប៉ុន្តែ គ្រាន់តែសម្តែងថាចង់មកតែប៉ុណ្ណោះ។ ជាក់ស្តែង អ្វីៗដែលកើតឡើង ប៉ុន្មានថ្ងៃចុងក្រោយនេះ គឺជាឆាកល្ខោនដែលលោក សម រង្ស៊ី រៀបចំសម្តែង ដើម្បីបោកប្រាស់អ្នកគាំទ្រ របស់ខ្លួនទាំងអស់។

ការបង្ហោះសំបុត្រយន្តហោះ, ការបង្ហោះរូបរៀបចំវ៉ាលី និងការថតរូប ពេលទៅដល់ព្រលានយន្តហោះសាលដឺហ្គោល ប្រទេសបារាំង គឺសុទ្ធសឹងតែ ជាឈុតឆាកសម្តែងទាំងអស់។ តាមពិត លោក សម រង្ស៊ី មិនបានកក់សំបុត្រយន្តហោះអ្វីទាំងអស់។

សារព័ត៌មានបរទេសជាច្រើនដូចជា AP – New York Times – The Strait Online ជាដើម សុទ្ធតែបានសរសេរថា ការដែលក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែវ៉េ មិនអនុញ្ញាតឲ្យលោក សម រង្ស៊ី ឡើងយន្តហោះ ពីព្រោះតែបញ្ហាសំបុត្រយន្តហោះ ពោលគឺលោក សម រង្ស៊ី មិនបានកក់សំបុត្រយន្តហោះ នោះទេ។ នេះវាជារឿងអាម៉ាស់ធំបំផុត សម្រាប់លោក សម រង្ស៊ី ។ ទោះជាត្រូវសារព័ត៌មានបរទេសល្បីៗ បកអាក្រាតការពិតយ៉ាងនេះក៏ដោយ ក៏លោក សម រង្ស៊ី នៅតែមុខក្រាស ដោយបែរជាឆ្លើយតបថា មានអ្នកលួចប្តូរ សំបុត្រយន្តហោះរបស់ខ្លួន។

ការនិយាយបែបនេះ ជារឿងគួរឲ្យអស់សំណើច ពីព្រោះគ្មានអ្នកណាផ្សេង អាចទៅប្តូរសំបុត្រយន្តហោះ ជំនួសអ្នកទិញបានទេ ដូចការបញ្ជាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ថៃថា គ្មានអ្នកណាអាចកែ និងដូរសំបុត្រយន្តហោះបាន ក្រៅតែសាមីខ្លួនឯងប៉ុណ្ណោះ។
អ្វីដែលគួរឲ្យកត់សម្គាល់ម្យ៉ាងទៀត សម រង្ស៊ី និង មូរ សុខហួរ និយាយផ្ទុយគ្នា អំពីផែនការវិលត្រឡប់របស់ សម រង្ស៊ី។

ខណៈដែលលោក សម រង្ស៊ី ប្រកាសពន្យារពេល លោកស្រី មូរ សុខហួរ ឯណោះនៅតែប្រកាសថា ផែនការ ៩ វិច្ឆិកា នៅតែបន្ត។ លោកស្រីមូរ សុខហួរ ដែលត្រូវអាជ្ញាធរម៉ាឡេស៊ីចាប់ឃុំខ្លួនជាង ១០ម៉ោង ហើយបានដោះលែងវិញ ក្នុងលក្ខខណ្ឌ មិនឲ្យធ្វើសកម្មភាព ប្រឆាំងរដ្ឋាភិបាលភ្នំពេញ និងត្រូវចេញពីប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ១២ វិច្ឆិកាជាចាំបាច់។ នេះសបញ្ជាក់ថា ក្រុមលោក សម រង្ស៊ី កំពុងបោកប្រាស់អ្នកគាំទ្រ ឡើងឡប់អាចម៍ខ្សៀ។ ប្រសិនបើលោក សម រង្ស៊ី ពិតមានសេចក្តីក្លាហាន ហើយមិនកំសាក ដែលជាសារជាតិពីកំណើត របស់ខ្លួនមែននោះ ម្តេចមិនធ្វើដំណើរ តាមជើងយន្តហោះផ្សេង រួចហើយទៅចុះចតនៅឌូបៃ ឬប្រទេសណាផ្សេង មុននឹងឆ្លងចូលកម្ពុជា? ហេតុអ្វីចាំបាច់ទៅសម្តែងធ្វើជាចង់ទៅថៃ ដែលខ្លួនដឹងច្បាស់ហើយថា គេមិនឲ្យចូលផងនោះ? នេះសបញ្ជាក់ថា សម រង្ស៊ី គ្មានចេតនាវិលមកវិញ ដូចការអះអាងទេ តែគាត់គ្រាន់តែសម្តែង ដើម្បីបោកប្រាស់ និងបោកប្រាក់អ្នកគាំទ្រតែប៉ុណ្ណោះ។

រហូតមកដល់ថ្ងៃនេះទៅហើយ កុំថាឡើយដល់ទៅជាន់ដីកម្ពុជា សូម្បីតែជាន់ដីប្រទេសក្នុងតំបន់ក៏ សម រង្ស៊ី មិនអាចធ្វើបានផង។ ការប្រកាសបរាជ័យ មុនថ្ងៃកំណត់របស់លោក សម រង្ស៊ី បានបង្ហាញពីលទ្ធផលជាក់ស្តែងនៃកំហុស ខាងយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរ ដូចដែលគេបានឃើញ និងដឹងលឺគ្រប់គ្នារួចទៅហើយ។ អាចនិយាយបានថា នេះជាលទ្ធផលនៃនយោបាយអត្តឃាត ឬនយោបាយជីករណ្តៅកប់ខ្លួនឯង របស់លោក សម រង្ស៊ី និងភាពកំសាករបស់គាត់។ ផ្ទុយទៅវិញ បរាជ័យនេះក៏បានបង្ហាញឲ្យឃើញ ពីប្រៀបខ្លាំងរបស់លោក ហ៊ុន សែន ទាំងនៅក្នុងផ្ទៃប្រទេស ក៏ដូចជានៅលើនយោបាយការទូត ដែលគេអាចនិយាយបានថា «ជោគវាសនារបស់លោក សម រង្ស៊ី ស្ថិតក្នុងកណ្តាប់ដៃលោក ហ៊ុន សែន ទាំងស្រុង»។ ដើម្បីបញ្ជាក់ពីបញ្ហានេះ យើងត្រូវមើលចំណុចសំខាន់ៗ និងជាកត្តាសត្យានុម័តដូចខាងក្រោម៖

ទី១៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាមេដឹកនាំ ដែលមានឥទ្ធិពលខ្លាំង ទាំងនយោបាយក្នុងប្រទេស និងនយោបាយការទូត។ នៅក្នុងប្រទេស លោកនាយករដ្ឋមន្ត្រី អាចក្តាប់បានយ៉ាងណែន នូវកម្លាំងជាតិទាំងមូល ទាំងកម្លាំងមហាជន ទាំងមន្ត្រីរាជការ និងទាំងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ជាក់ស្តែង ការរៀបចំឲ្យមាន ពិធីជួបជុំហូបអំបុកថ្ងៃ ៩ វិច្ឆិកា ត្រូវគេរំពឹងថា នឹងមានមហាជន ចូលរួមយ៉ាងកុះករនៅគ្រប់ទិសទី។ ងាកមកមើលកម្លាំងប្រដាប់អាវុធវិញ ពួកគេបានត្រៀមជាស្រេច ចាំស្តាប់បទបញ្ជា ដើម្បីចាត់វិធានការការពារជាតិ សាសនា ព្រះមហាក្សត្រ។ នៅលើនយោបាយការទូតវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសជិតខាង និងក្នុងតំបន់ ដែលធ្វើឲ្យលោក មានទឹកមាត់ប្រៃ ក្នុងការធ្វើឲ្យប្រទេសទាំងនោះ ផ្តល់កិច្ចសហការណ៍ យ៉ាងល្អជាមួយកម្ពុជា។ ចំណាត់ការរបស់ថៃ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ចំពោះសម រង្ស៊ី និងគូកន គឺជាឧទាហរណ៍ជាក់ស្តែងស្រាប់។

ទី២៖ ងាកទៅមើលលោក សម រង្ស៊ី និងគូកនវិញ ពួកគេទទួលបរាជ័យទាំងស្រុង ទាំងយុទ្ធសាស្ត្រ ទាំងនយោបាយការទូត។ នរណាក៏មើលឃើញដែរថា លោក សម រង្ស៊ី ជាអ្នកនយោបាយ គ្មានយុទ្ធសាស្ត្រ ដោយប្រើនយោបាយដើរមួយជំហាន គិតមួយជំហាន ហើយជំហានដែល សម រង្ស៊ី ដើរទៀតសោត គឺខុសគ្រប់ជំហាន។ ការប្រកាសទិញទឹកចិត្តកងទ័ព ឲ្យបែរចុងកាណុងប្រឆាំងរដ្ឋាភិបាល, ការប្រមាថមាក់ងាយអង្គព្រះមហាក្សត្រ, ការប្រើប្រាស់សកម្មជនជាឈ្នាន់ ដើម្បីឲ្យទទួលទោសជំនួស, និងការប្រកាសចូលមកចាប់ លោក ហ៊ុន សែន រហូតដល់ការប្រកាស ឲ្យមហាជនងើបបះបោរ ផ្តួលរំលំរដ្ឋាភិបាលដោយហិង្សា និងមិនប្រជាធិបតេយ្យ ។ល។ និង ។ល។ សុទ្ធសឹងជាកំហុសធំៗបំផុត ដែលធ្វើឲ្យសម រង្ស៊ី បាត់បង់ការគាំទ្រទាំងផ្ទៃក្នុងរបស់ខ្លួន ទាំងសហគមន៍អន្តរជាតិ និងបានហុចដងកំបិតឲ្យលោក ហ៊ុន សែន ទាំងស្រុង។ នៅលើនយោបាយការទូតវិញ សម រង្ស៊ី បានអួតក្តែងៗថា ខ្លួនបានបញ្ចុះបញ្ចូលឲ្យអន្តរជាតិជួយ តាំងពីសហគមន៍អឺរ៉ុប សហរដ្ឋមេរិក រហូតដល់អាស៊ាន។ លើសពីនេះ សម រង្ស៊ី ក៏អួតអាងទៀតថា មានតំណាងរាស្ត្របរទេសជាច្រើន នឹងដង្ហែមកកម្ពុជា ប៉ុន្តែ ទីបំផុតទៅ ស្ងាត់ឈឹង មិនឃើញមានបរទេសណាម្នាក់ មកក្បែរសម រង្ស៊ី ឡើយ ជាពិសេសនៅពេលវត្តមានសម រង្ស៊ី សម្តែងឆាកល្ខោន នៅវាលយន្តហោះប្រទេសបារាំង ពីម្សិលមិញនេះ ហើយក៏គ្មានប្រទេសណាមួយ ចេញមុខគាំទ្រ ឬអន្តរាគមន៍ជួយសម រង្ស៊ី ដែរ គឺឃើញតែប្រទេស ដែលបណ្តេញសម រង្ស៊ី និងគូកន និងហាមមិនឲ្យចូលប្រទេសគេ ឬឲ្យចូលដែរ តែត្រូវស្ថិតក្រោមការត្រួតពិនិត្យ ដោយមិនអនុញ្ញាឲ្យធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលកម្ពុជាឡើយ។ នេះបង្ហាញច្បាស់ថា សម រង្ស៊ី នៅសល់តែម្នាក់ឯង និងមនុស្សមួយដំបរស្វា នៅជុំវិញខ្លួនតែប៉ុណ្ណោះ ហើយមនុស្សទាំងនោះទៀតសោត រាប់ទាំងលោក សម រង្ស៊ី ខ្លួនឯងផង ត្រូវស្ថិតក្នុងទ្រុង ដោយមិនអាចធ្វើសកម្មភាពអ្វី តាមចិត្តបានឡើយ។ ពិតជាគួរឲ្យអាម៉ាស់ខ្លាំងណាស់ តែនេះជាលទ្ធផលធម្មតា សម្រាប់អ្នកដែលចូលចិត្ត ដើរត្រាច់រង្គត់តាមសំយ៉ាបផ្ទះគេ ពីព្រោះតែដុតផ្ទះខ្លួនឯង ដើម្បីស្ងោពងមាន់ស៊ីមួយចម្អែត។

ទី៣៖ ការរៀបចំផែនការវិលត្រឡប់ របស់លោក សម រង្ស៊ី ជារឿងរាក់កំភែល។ បើស្តាប់ពីការប្រកាសរៀបចំគណៈកម្មការ, ការប្រមូលលុយ និងការចាត់ចែងផ្សេងៗ ជាពិសេសការរៀបចំ ផែនការលម្អិត ដែលត្រូវប្រកាសនៅថ្ងៃទី ៦ វិច្ឆិកា ប៉ុន្តែ តាមការពិតគ្មានផែនការអ្វីទាំងអស់។
អ្វីដែលគួរឲ្យកត់សម្គាល់៖ នៅពេលជួបឧបសគ្គ លោកសម រង្ស៊ី និងគូកនគ្មានវិធីដោះស្រាយ តាមផែនការទី១ ទី២ ឬ ទី3៣ អ្វីទាំងអស់ ពោលគឺពេលដើរដល់ផ្លូវទាល់ គឺចប់ទៅមុខលែងរួចតែម្តង។ ទង្វើនេះ ធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមកាន់តែខ្លាំង និងជួបក្តីអាម៉ាស់ម្តងហើយម្តងទៀត។

ទី៤៖ យោងទៅលើស្ថានការណ៍ចុងក្រោយនេះ ខ្ញុំយល់ឃើញថា ជោគវាសនារបស់លោក សម រង្ស៊ី ពិតជាស្ថិតនៅក្នុងកណ្តាប់ដៃ លោក ហ៊ុន សែន យ៉ាងពិតប្រាកដ ពោលគឺ ច្រកសម្រាប់លោក សម រង្ស៊ី មានតែមួយគត់គឺ ការសុំទោសលោក ហ៊ុន សែន ដើម្បីទទួលបាន ការសម្របសម្រួលឲ្យចូលស្រុក។ ប្រសិនបើគ្មានភ្លើងខៀវពីលោក ហ៊ុន សែន ទេ លោក សម រង្ស៊ី គ្មានថ្ងៃអាចចូលស្រុកបានឡើយ។ ដូច្នេះ លោក សម រង្ស៊ី ដែលមានអាយុ ៧០ឆ្នាំទៅហើយនោះ គ្មានជម្រើសច្រើនទេ សម្រាប់ជីវិតនយោបាយរបស់ខ្លួន។ តើលោក សម រង្ស៊ី ត្រូវបន្តរស់នៅស្រុកបារាំង រហូតដល់ចាស់ជរាចោលឆ្អឹងស្រុកគេ ដោយគ្មានវាសនា អាចបានចូលស្រុកវិញរហូត ឬក៏ត្រូវអង្វរសុំទោសលោក ហ៊ុន សែន ដើម្បីអាចចូលស្រុកបាន? គឺជាជម្រើសដ៏ពិបាកបំផុត សម្រាប់លោក សម រង្ស៊ី តែគ្មានសល់ជម្រើសណា ល្អប្រសើរជាងនេះទៀតឡើយ សម្រាប់អ្នកនយោបាយជើងមិនជាប់ដី ក្បាលមិនជាប់មេឃដូច សម រង្ស៊ី ពីព្រោះជោគវាសនារបស់គាត់ ត្រូវបានចារ ឲ្យស្ថិតក្រោមកណ្តាប់ដៃបុរសខ្លាំង ឈ្មោះហ៊ុន សែន ជារៀងរហូត។ ដូច្នេះ តើអ្នកគាំទ្រសម រង្ស៊ី ទាំងឡាយគួរផ្ញើវាសនា ប្រថុយជាប់គុកជំនួស សម រង្ស៊ី តទៅទៀតដែរឬទេ បើពួកគេដឹងច្បាស់ហើយថា លោក សម រង្ស៊ី នឹងមិនមកកម្ពុជា នៅថ្ងៃទី ៩ វិច្ឆិកា ដូចដែលគាត់អះអាងផង នោះ?
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

To Top