ភ្នំពេញ៖ កម្ពុជា នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានរៀបចំបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើក ទី ៦៦(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩) ។
មុនមួយថ្ងៃ នៃការប្រារព្ធសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញពីសកម្មភាព ថ្នាក់ដឹកនាំមន្ត្រីរាជការ តាមបណ្តាក្រសួងស្ថាប័ននានា អញ្ជើញទៅដាក់កំរងផ្កា គោរពវិញ្ញាណក្ខន្ធ យុទ្ធជនយុទ្ធ នារីវីរបុរស អ្នកស្នេហាជាតិ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ដែលបាន ធ្វើឡើងនៅវិមានឯករាជ្យ និងនៅព្រះមរបរូបផងដែរ។
សម្តេចបន្តថា ទិវាបុណ្យឯករាជ្យ ៩វិច្ឆិកា ឆ្នាំ២០១៩ នេះ ត្រូវបានប្រារព្វឡើងស្របគ្នា ទៅនឹងថ្ងៃកំណើតលើក ទី៦៦ នៃកងយោពល ខេមរៈភូមិន្ទផងដែរ ហើយក្នុងថ្ងៃទី៩ វិច្ឆិកានេះ កម្ពុជានឹងប្រារព្ធ ទិវាបុណ្យឯករាជ្យ ៩វិច្ឆិកា ក្រោមព្រះរាជធិបតី ដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។
ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា បានរំលឹកឲ្យឃើញ ពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ ព្រះកាយពល និងព្រះ បញ្ញាញាណ យ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីកិច្ច ដើម្បីទាមទាឯករាជ្យ ដ៏ពិតប្រាកដនៅកម្ពុជា ឲ្យរួចចាកផុត ពីអាណានិគមនិយមបារាំង ៕