ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា កងទ័ព រួមចំណែកការពារប្រជាពលរដ្ឋ ១៦ លាននាក់ ឱ្យរស់នៅក្នុងសុខសន្តិភាព
ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺន លំហាត់បាញ់គ្រាប់ពិត ថ្នាក់វរសេនាតូចថ្មើរជើងសហការវាយលុក នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិត មរតកតេជោសែន ភ្នំវាលចាប យោធភូមិភាគទី៥ ខេត្តបាត់ដំបង ថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ជាក់ថា «ការអនុវត្តច្បាប់ដ៏តឹងរ៉ឺងម៉ឺងម៉ាត់កន្លងមកចំពោះផែនការឧបាយកលបំផ្លាញសន្តិភាព គឺដើម្បីការពារប្រជាពលរដ្ឋ ១៦ លាននាក់ឱ្យរស់នៅក្នុងសុខសន្តិភាព។»
លោកបន្តថា លើមូលដ្ឋាននៃសន្តិភាព កម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ និងកំណើនសេដ្ឋកិច្ចខ្ពស់ ហើយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែមាន ភាពប្រសើរឡើងជាលំដាប់។ ផ្ទុយទៅវិញពួកអ្នកនយោបាយជ្រុលនិយម នៅតែចិញ្ចឹមឧបាយកលខ្មៅកខ្វក់ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយឆន្ទៈរបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញសកម្មភាពប្រទូស្តរាយខុសច្បាប់ នានាបែបអនាធិបតេយ្យ សំដៅញុះញង់បញ្ឆេះកំហឹងមហាជន ធ្វើឱ្យចុះខ្សោយនីតិរដ្ឋ និងបង្ករអស្ថិរភាព ដែលជាការបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់ជោគវាសនាប្រទេសជាតិ និងអាយុជីវិតប្រជាជន ដើម្បីបម្រើឱ្យតែមហិច្ឆិតលោភលន់ចង់បាន អំណាចដោយខុសច្បាប់ ផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ។
មេទ័ពជើងគោក បន្ថែម «យើងទាំងអស់គ្នាត្រូវយល់អោយច្បាស់ពីតម្លៃនៃសន្តិភាព ពីព្រោះប្រសិនបើឧបាយការណ៍ញុះញង់ បំបែកបំបាក់ និងលាបពណ៌នេះ បានសម្រេច នោះប្រទេសយើងនឹងធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមបំផ្លិចបំផ្លាញហិនហោចវេទនា ស្លាប់ព្រាត់ប្រាសជាមិនខាន។»
យ៉ាងណាក៏ដោយ លោកលើកទឹកចិត្ត ឱ្យបំបាត់ឱ្យបាននូវវប្បធម៌លាបព៌ណ ដោយឈប់លាបពណ៌ប្រជាជន លាបពណ៌កងទ័ព បង្កើតឱ្យមានគំនុំសងសឹង ធ្វើសង្គ្រាមកាប់សម្លាប់គ្នា នាំឱ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងវិនាសកម្ម។ ត្រូវមានមនសិការភ្ញាក់រលឹកគោរពច្បាប់ គោរពរដ្ឋធម្មនុញ្ញ នោះខ្មែរនឹងបានសេចក្តីសុខសាន្ត អាចបន្តការភិវឌ្ឍរីកចម្រើនទៅមុខទៀតសម្រាប់កូនចៅយើងជំនាន់ក្រោយ និងសូមលើកទឹកចិត្ត និងគាំទ្រចំពោះស្មារតីខិតខំប្រឹងប្រែងរបស់កម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការចូលរួមថែរក្សាការពារសន្តិភាព ស្ថិរភាព និងសមិទ្ធផលសង្គមជាតិ សម្រាប់សេចក្តីសុខរបស់ប្រជាពលរដ្ឋ និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអបអរសាទរ និងកំសាន្តសប្បាយក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្នុងពេលខាងមុខនេះកុំបីខាន ជាមួយនឹងភាពរីករាយ ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងភាពសុខសាន្តជួបជុំក្រុមគ្រួសារញាតិមិត្ត។












