ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកស្ថាប័នបេឡាជាតិ របបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ នេះ បានជួបជុំគ្នាទទួលទានអំបុក ប្រកបដោយបរិយាកាស សាមគ្គីភាពស្និតស្នាល និងសប្បាយរីករាយ ។
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិ របបសន្តិសុខសង្គម បានថ្លែងថា៖ ការជួបជុំគ្នាទទួលទានអំបុកសំរាប់ថ្ងៃទី៩ វិច្ឆិកានេះ ត្រូវបានប្រកាសឡើង ដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យហូបអំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ ។
ប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបន្តថា ៖ ព្រឹត្តិការណ៍ហូបអំបុក នៅថ្ងៃទី៩ ខែវិច្ឆិកានេះដែរក៏ក្នុងន័យ ជួយដាស់តឿនដល់កូនខ្មែរសម័យទំនើប ឲ្យស្គាល់កាន់តែច្បាស់ នូវអ្វីដែលជាអត្តសញ្ញាណជាតិខ្មែរ។ ប្រពៃណីអកអំបុកនេះ ដូនតាខ្មែរយើង បានប្រារព្វឡើងយ៉ាង ជាប់លាប់តំាងតែពីបុរាណកាលរៀងមក គឺការធ្វើឡើងនៅក្រោយពេល រដូវប្រមូលផលស្រូវរួច ។
អកអំបុកក៏ជាឱកាសមួយ ដែលក្រមុំកម្លោះ មានពេលវេលាបង្ហាញរូបរាង ក្នុងការជួបប្រាស្រ័យទាក់ទងគ្នា ដើម្បីស្វែងយល់ចិត្ដគ្នា ទៅវិញទៅមក បន្ទាប់ពីបញ្ចប់រដូវធ្វើស្រែចំការ។
និយាយពីរបៀបអកអំបុក គឺគេយកអំបុក ដែលបានត្រៀមទុកដាក់ ក្នុងកញ្ជើតម្កល់នៅលើតុ ហើយស្រីៗឲ្យបុរសហាមាត់ឲ្យធំ ដើម្បីបង្អកចូលទៅក្នុងមាត់តែម្ដង ជាមួយនិងសំណួរថាពេញឬនៅ ? បើមិនទាន់ពេញ គឺបង្អកថែមទៀត ទាល់តែឆ្លើយឮសម្លេងទ្បុលៗ មិនច្បាស់បានន័យថា «ពេញហើយ»។
បន្ទាប់ពីបង្អកអំបុកហើយ គេបង្អកចេកថែមទៀត ឯបុរសក៏អាចយកអំបុក អកទៅលើស្រ្ដីវិញផងដែរ ក្នុងបរិយាកាស យ៉ាងសប្បាយរីករាយ ទៅតាមទំនៀមទម្លាប់ប្រពៃណីជាតិ។ ប្រពៃណីអកអំបុកនេះ ក៏បានបង្ហាញពីសាមគ្គីភាព ដ៏សិ្នទ្ធិស្នាលនិងភាពសំបូរហូរហៀរ នៅក្នុងសង្គមសុខសន្តិភាព ផងដែរ ។
សូមបញ្ជាក់ថា ៖ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយ អោយប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០១៩-២០២៣ នៅសណ្ធាគារសុខាភ្នំពេញ កាលពីថ្ងៃទី ៧ វិច្ឆិកាកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងបងប្អូន ដែលកំពុងពួនលាក់ខ្លួន នៅភ្នំក្រវ៉ាញ និងនៅតាមកន្លែងដទៃៗទៀត សូមចេញមករសារភាព កុំមានការភ័យខ្លាច ចូលរួមសប្បាយរីករាយ ជាមួយក្រុមគ្រួសារ នៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នេះ និងនៅក្នុងព្រះរាជពិធីបុណ្យអំទូក អកអំបុក លយប្រទីប និងសំពះព្រះខែ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០-១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ ៕