កណ្តាល ៖ ស្របតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស កំពុងតែចូលរួមយ៉ាងសប្បាយរីករាយ ហូបអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ ។
ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋ ស្រុកពញាឮ ខេត្តកណ្តាលវិញ ក៏បានចូលរួម សប្បាយរីករាយ និងអបអរសាទរ នូវពិធីហូបអំបុកតេជោសន្តិភាព ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់ភូមិ នៅក្នុងឃុំទាំង១១ នៃស្រុកពញាឮ ខេត្តកណ្តាល ដោយមាននូវអំបុក មានចេក មានដូង ផ្លែឈើច្រើនមុខ ភេសជ្ជៈ ទឹកបរិសុទ្ធ និងការរាំរែកច្រៀង កំសាន្តយ៉ាងសប្បាយរីករាយ ដោយមានវត្តមាន ចូលរួមដោយផ្ទាល់ពីសំណាក់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាឮ និងសហការីក្នុងជួរគណៈពង្រឹងគ្រប់លំដាប់ថ្នាក់ ។
ពិធីដ៏សប្បាយរីករាយនេះ ប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពញាឮ ដោយមានការចូលរួម ពីបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។ បន្ទាប់មកលោករដ្ឋ មន្ត្រី បានបន្តដំណើរ ចុះនិងចូលរួម អបអរសាទរពិសាអំបុក នៅតាមបណ្តា ឃុំទាំង១១ របស់ស្រុកពញាឮ ដែលបាននិងកំពុងប្រារព្ធ ពិធីពិសា រអំបុក សាមគ្គី នេះផងដែរ ៕
លោករដ្ឋមន្រ្តី លឹម គានហោ បានឱ្យដឹងថា ការរៀបចំពិធីអកអំបុកថ្ងៃនេះ គឺដើម្បីអបអរសាទរដល់បុណ្យឯករាជ្យជាតិ ក៏ដូចជា បង្ហាញអំពីការសាមគ្គីរបស់ប្រជាពលរដ្ឋ ក្នុងការទទួលទានអំបុកដើម្បី ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។ លោកបានបញ្ជាក់ថា ការទទួលទានអំបុកនេះ ក៏ជាការឆ្លើយតបចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិចបំផ្លាញដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកលជនក្បត់ជាតិឡើយ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នា រួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាទទួលបាននាពេលនេះ ហើយបានអំពាវនាវដល់ពលរដ្ឋ កុំចូលរួមជាមួយក្រុមណាមួយ ដែលបង្កអសន្តិសុខ បំផ្លិចបំផ្លាញសន្តិភាព ដែលកំពុងមានផងដែរ៕