តាកែវ ៖ បន្ទាប់ពីបញ្ចប់កម្មវិធី បុណ្យឯករាជ្យជាតិ ៩ វិឆ្ឆិការ នៅព្រឹកថ្ងៃទី ៩ វិឆ្ឆិការ ឆ្នាំ២០១៩នេះ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ នៅទូទាំងខេត្តតាកែវ បាននាំគ្នាប្រាព្វពិធី អកអំបុកសាមគ្កីជាតិ ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ យ៉ាងសប្បាយរីករាយ នៅទូទាំង១០០ឃុំ សង្កាត់ នៅក្នុងខេត្តតាកែវ ។
លោកឧត្តមសេនីយ៏ត្រីឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តតាកែវ បានលើកឡើងថា ប្រជាពលរដ្ឋទូទាំងខេត្តតាកែវ កំពុងតែសប្បាយរីករាយ និងពិធីពិសាអំបុកសាមគ្គីជាតិ ដើម្បីការពារជាតិសាសនា ព្រះមហាក្សត្រ ។
លោកបានសង្កត់ធ្ងន់ថា «ស្ថានភាពទូទៅនៅក្នុងខេត្តតាកែវ ទាំងមូលមានភាពស្ងប់ស្ងាត់ល្អ មិនមានបញ្ហាអ្វីកើតឡើងនោះទេ នៅព្រឹកនេះ ។ ប្រជាពលរដ្ឋប្រកបរបរ ទទួលទានធម្មតា ហើយប្រជាពលរដ្ឋភាគច្រើន បានចូលរួមពិធីពិសាអំបុកសាមគ្គីជាតិ នៅតាមវត្តអារ៉ាម និងទីកន្លែមួយចំនួន» ។
អភិបាលខេត្តតាកែវលោក អ៊ូច ភា បានថ្លែងថា ពិធីពិសារអំបុកសាម្គីជាតិ បានធ្វើឡើងនៅទូទាំង១០០ឃុំសង្កាត់ របស់ខេត្តតាកែវ ដោយរៀបកន្លែង ចំនួនជាង៦រយកន្លែង និងមានមានប្រជាពលរដ្ឋ និងមន្រ្តីរាជការចូល រួមប្រមាណជាង១០ម៉ឺននាក់ ដោយប្រើប្រាស់អំបុក ចំនួនជាង២០តោន ចេកជាង១ម៉ឺនស្និទ្ធ ដូងជាង១ម៉ឺនផ្លែ ព្រមទាំង សម្ភារៈមួយ ចំនួនទៀតសម្រាប់ការរៀបចំ ពិធីពិសារអំបុកនេះ ។
លោកអភិបាលខេត្តតាកែវ ក៏បានធ្វើការអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តតាកែវ ទាំងអស់ ចូលរួមពិធីពិសាអំបុកសាមគ្គីជាតិនេះ នៅតាមមូលដ្ឋាននៅទូទាំងខេត្តតាកែវ ហើយកុំមានការ ព្រួយបារម្ភពីបញ្ហាសុវត្ថិភាព ព្រោះអាជ្ញាធរធានា ការសុខសុវត្តិភាព មិនឲ្យមានបញ្ហាអ្វីកើតឡើងនោះទេ ៕