ភ្នំពេញ៖ ដើម្បីលើកកម្ពស់ កេរដំណែលវប្បធម៌ ដ៏សម្បូរបែបរបស់កម្ពុជា ទាំងសមភាពយេនឌ័រ សហភាពអឺរ៉ុប (EU) បានចូលរួមឧបត្ថម្ភ ទូកចែវនារី ដែលមានឈ្មោះថា ព្រះពៃស្រពណ៍ មកពីភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលជាការឧបត្ថម្ភ ២ឆ្នាំជាប់គ្នា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ប្រារព្ធធ្វើឡើង នៅថ្ងៃទី១០ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ EU នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា ភូមិកំពង់បាស្រូវ មានទូកចែវនារីចូលរួមប្រកួត ក្នុងព្រះរាជពិធីបុណ្យអុំទូក ចាប់តាំងពីចុង ទស្សវត្សឆ្នាំ១៩៩០ មកម្ល៉េះ។
EU បន្ដថា ការឧបត្ថម្ភរបស់ EU រួមមាន៖សម្ភារៈ (ការជួស ជុលទូក និងឯកសណ្ឋាន សម្លៀកបំពាក់) ព្រមទាំងការចំណាយ លើម្ហូបអាហារ និងចំណាយផ្សេងៗ នៅក្នុងអំឡុង ពេលហាត់សម និងអំឡុងពេលការចូលរួម ព្រះរាជពិធីបុណ្យអុំទូក។
លោកស្រី ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំកម្ពុជា មានប្រសាសន៍ថា “ជាផ្នែកមួយនៃកិច្ចសហការ អភិវឌ្ឍរបស់សហភាពអឺរ៉ុប ជាមួយប្រទេសកម្ពុជា សហភាពអឺរ៉ុប ក៏មានបំណងលើកកម្ពស់ ទាំងកេរដំណែលវប្បធម៌ ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ទាំងសមភាពយេនឌ័រ” ។
លោកស្រី បញ្ជាក់ថា ការឧបត្ថម្ភនៅឆ្នាំនេះ ដើម្បីជួយជំរុញ បន្ថែមទៀត លើកិច្ចខិតខំប្រឹងប្រែង ដើម្បីគាំទ្រប្រពៃណី វប្បធម៌ដ៏សំខាន់នេះរបស់កម្ពុជា ដែលទាក់ទាញប្រជាជនរាប់ លាននាក់ មករាជធានីភ្នំពេញ ព្រមទាំងជួយលើកទឹកចិត្ត នារីកម្ពុជា នៅមូលដ្ឋាន (ភាគច្រើនជាកសិករ) ឲ្យពួកគាត់ជួយលើកកម្ពស់ សមភាពយេនឌ័រផងដែរ។
អាវយឺត ដែលពួកគាត់ពាក់ចូលរួម បុណ្យអុំទូកនេះ នឹងជួយជំរុញបុព្វហេតុ សមភាពយេនឌ័រ ថែមទៀត ដោយមានសារ សរសេរថា “សហភាពអឺរ៉ុប ដើម្បីភាពស្មើគ្នា” និងសារសរ សេរថា “និយាយថាទេ ចំពោះ អំពើហិង្សា លើស្ត្រី”។
លោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី មានប្រសាសន៍ថា “ខ្ញុំសប្បាយចិត្តណាស់ ដែលឃើញសហភាពអឺរ៉ុបឧបត្ថម្ភ ទូកចែវនារីព្រះពៃស្រពណ៍ ក្នុងរយៈពេលពីរឆ្នាំមកនេះ ហើយឆ្លៀតយកឱកាសនេះ ដើម្បីផ្សព្វផ្សាយសមភាព យេនឌ័រ។ ស្ត្រីនៅមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ជាការសំខាន់ដែលត្រូវផ្សព្ វផ្សាយការយល់ដឹងថែមទៀត អំពីបញ្ហានេះ ហើយយើងសូមឲ្យបន្ត កិច្ចសហការនេះថែមទៀត”។
សូមរំលឹកថា គិតតែជំនួយឥតសំណង សម្រាប់ការអភិវឌ្ឍវិញ ជារៀងរាល់ឆ្នាំ សហភាពអឺរ៉ុប ចូលរួមចំណែកថវិកា ប្រហែល ជា ៧៥លានអឺរ៉ូ ដើម្បីគាំទ្រការអភិវឌ្ឍ ប្រទេសកម្ពុជា (ឆ្នាំ២០១៨ សហភាពអឺរ៉ុប បានផ្តល់ថវិកាជំនួយ ឥតសំណង ចំនួន ៨៣.៥ លានដុល្លារ) ។
គួររំលឹកថា ““ដំរី” ជាឈ្មោះដំបូង របស់ទូកព្រះពៃស្រពណ៌ ។ ព្រះពៃស្រពណ៍ ជាឈ្មោះទូកចែវនារី ស្ថិតនៅក្នុងវត្តព្រះពៃស្រពណ៍ ភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ ទូកនាមព្រះពៃស្រពណ៍ បានកកើតឡើង នាខែកក្កដា ឆ្នាំ១៩៨៤ ដោយព្រះគ្រូចៅអធិការវត្ត រួមទាំងពុទ្ធបរិស័ទ ដែលបានទៅទាក់ទង យកឈើ នៅស្រុកឆ្លូង ខេត្តក្រចេះ ។ ឈ្មោះដំបូងរបស់ព្រះពៃស្រពណ៍ គឺឈ្មោះ ដំរី បន្ទាប់មកឈ្មោះ ស្រីតូចមានរិទ្ធិ និងបន្ទាប់ឈ្មោះ ព្រះពៃស្រពណ៍ ដែលយក តាមឈ្មោះ៕
ដោយ៖ អេង ប៊ូឆេង