ភ្នំពេញ៖ ក្នុងដំណើរលោក សម រង្ស៊ី ទៅជួបប្រជុំជាមួយ សមាជិកសភា របស់ប្រទេសម៉ាឡេស៊ី នាថ្ងៃអង្គារ៍សប្តាហ៍ក្រោយ ត្រូវបានលោក ឡៅ ម៉ុងហៃ អ្នកវិភាគស្ថានការណ៍ នយោបាយនៅកម្ពុជា វិភាគថា អាចជាផ្លូវបត់ រវាង អតីតបក្ស សង្រ្គោះជាតិ ជាមួយរាជរដ្ឋាភិបាល កម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន។
លោក សម រង្ស៊ីបានទៅដល់ម៉ាឡេស៊ីនាថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃលោក ប្រកាសចូលស្រុកវិញ តែត្រូវអាក់ខាន ដោយសារប៉ូលីសបារាំងហាមឃាត់មិនឲ្យឡើង យន្តហោះពីក្រុងបារីស មកថៃក្រោមហេតុផលថា ក្រុមហ៊ុនអាកាសចរណ៍ថៃ មិនអនុញ្ញាតដោយសារមានបញ្ជាពីថ្នាក់ លើ កាលពីថ្ងៃ៧ វិច្ឆិកា ។
មួយថ្ងៃក្រោយ ពោល ៨វិច្ឆិកា លោកបានប្រកាសចូល ប្រទេសអាស៊ានមួយ ដោយមិនបានបញ្ជាក់ថា ប្រទេសមួយណាទេ។
ការមកដល់របស់លោក សម រង្ស៊ី នៅម៉ាឡេស៊ី ត្រូវបានទទួលការចាប់អារម្មណ៍ យ៉ាងខ្លាំងពីពលរដ្ឋ ទាំងក្នុងនិងក្រៅប្រទេស ដោយមានការលើកឡើងថា លោកត្រូវ បានអាជ្ញាធរម៉ាឡេស៊ី ឃាត់ទុកនៅព្រលានយន្តកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ប៉ុន្តែជាក់ស្តែងបើតាមការអះអាង ពីលោកស្រី មូរ សុខហួរ គឺរដ្ឋសភានៃប្រទេស ម៉ាឡេស៊ី បានអញ្ជើញលោក សម រង្ស៊ី មកជួបប្រជុំរកដំណោះស្រាយ ដ៏ប្រសើរសំរាប់ មាតុភូមិវិវត្តន៍ប៉ុណ្ណោះ។
លោក ឡៅ ម៉ុងហៃ លើកឡើងក្នុងហ្វេសប៊ុកនាថ្ងៃទី១០ វិច្ឆិកា ថា “ការអញ្ជើញ សម រង្ស៊ី ឲ្យទៅជួបប្រជុំជាមួយ សភាប្រទេសម៉ាឡេស៊ី ២-៣ថ្ងៃនេះ នៅពេលដែលមាន អន្តរាគមន៍ពីរដ្ឋាភិបាល និងសមាជិកសភាសហរដ្ឋអាមេរិក ពីអគ្គលេខាធិការនៃអង្គការ សហប្រជាជាតិ និងពីសមាជិកសភាអឺរ៉ុប សុំឲ្យមានការសម្របសម្រួល ការវិលត្រឡប់ របស់ សម រង្ស៊ី និងការចរចាគ្នាអាចជាចំណុច ផ្លូវបត់មួយទៀតនៃជម្លោះរវាង សង្គ្រោះជាតិ និងរដ្ឋាភិបាល” ។
លោកថា ម៉ាឡេស៊ី មិនចាប់ លោក សម រង្ស៊ី តាមការ ស្នើសុំរបស់រដ្ឋាភិបាលខ្មែរ ឬបដិសេធមិនឲ្យគាត់ចូលទៅកាន់ដែនដីគេ ។
អ្នកវិភាគរូបនេះបានលើកពីអតីតកាលថា កាលពីឆ្នាំ១៩៨២ ម៉ាឡេស៊ី ដឹកនាំដោយ នាយករដ្ឋមន្ត្រី លោកមហាធៀរ ម៉ូហាម៉ាដ ដែលមាន លោកអាន់ វ៉ារ អ៊ីប្រាហ៊ីម ជាឧប នាយកមួយរូប បានជួយឲ្យមានការបង្កើត រដ្ឋាភិបាលចម្រុះត្រីភាគីកម្ពុជា ប្រជាធិបតេយ្យ ដែលមាន សម្តេចនរោត្តម សីហនុ ជាប្រធាន សម្តេច សឺន សាន ជានាយករដ្ឋមន្ត្រី និងលោក ខៀវ សំផន ជារដ្ឋមន្ត្រីការបរទេស ។
លោកថា រដ្ឋាភិបាលនោះបានទទួលការគាំទ្រកាន់តែច្រើន ទៅលើឆាកអន្តរជាតិ ក្នុងការតស៊ូប្រឆាំងនិងកងទ័ពវៀតណាមនៅកម្ពុជា ។
ជាមួយគ្នានេះ លោក ឡៅ ម៉ុងហៃ ថ្លែងទៀតថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀរ ម៉ូហាម៉ាដ ទើបនឹងបានធ្វើទស្សនកិច្ចនៅកម្ពុជា និងពង្រឹងទំនាក់ទំនងរវាង ម៉ាឡេស៊ីនិងកម្ពុជាផងដែរ។ ម៉ាឡេស៊ី ជាប្រទេសប្រជាធិបតេយ្យ ដឹកមុខគេនៅតំបន់ អាស៊ាន ៕