ព័ត៌មានជាតិ

លោក កឹម សុខា បន្តឲ្យតុលាការទំលាក់ បទចោទប្រកាន់ព្រោះសេចក្តីសម្រេច តុលាការមិនមែនលើកលែង

ភ្នំពេញ៖ អតីតប្រធានគណបក្សសង្រ្គោះជាតិ បានលើកឡើងថា សេចក្តីសម្រេច របស់តុលាការលើរូបលោកថ្ងៃនេះ មិនមែនជាការលើកលែងបទចោទប្រកាន់ឡើយ ហើយលោកនៅតែបន្តទាមទារ ឲ្យតុលាការទំលាក់បទចោទ ប្រកាន់លើរូបលោក។

ប៉ុន្តែទោះបីជាយ៉ាងណាលោកថា នេះជាជំហ៊ានឈានទៅដល់ការ មានសេរីភាព ទាំងស្រុងផងដែរ។ នេះបើតាម លោក កឹម សុខា តាមរយៈហ្វេសប៊ុកនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោកបានឲ្យដឹងថា កាលពីថ្ងៃទី៧ វិច្ឆិកា សហមេធាវីការពារសិទ្ធិ របស់លោកបាន ដាក់ពាក្យស្នើសុំឲ្យចៅក្រម ស៊ើបសួរលើកលែងបទចោទមកលើរូបលោក។

លោកថា ប៉ុន្តែសេចក្តីសម្រេចរបស់ចៅក្រមក្នុងថ្ងៃនេះ មិនមែនជាការលើកលែង ការចោទប្រកាន់ឡើយ គឺត្រឹមតែជាការកែប្រែលក្ខខណ្ឌ នៃកាតព្វកិច្ចមួយចំនួន តែប៉ុណ្ណោះ។

លោក កឹម សុខាបញ្ជាក់ថា “ក្នុងនាមជាបុគ្គលស្អាតស្អំម្នាក់ ដែលត្រូវបានរងការឃុំខ្លួន ទាំងគ្មានកំហុស២ឆ្នាំ មកហើយ ខ្ញុំនៅតែបន្តទាមទារឲ្យទម្លាក់ ចោលបទចោទប្រកាន់ មកលើរូបខ្ញុំ។ ខ្ញុំរំពឹងថា សេចក្តីសម្រេចក្នុងថ្ងៃនេះគឺជាជំហ៊ានទី១ ប៉ុន្តែរូបខ្ញុំក៏ដូចជា ពលរដ្ឋខ្មែរដទៃទៀតដែលបាន បាត់បង់សិទ្ធិសេរីភាពនយោបាយ នៅតែត្រូវការ ដំណោះស្រាយនិង យុត្តិធម៌ពិតប្រាកដ”។

ជាចុងក្រោយលោកផ្ញើ សេចក្តីនឹករលឹកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋខ្មែរ ហើយលោក នឹងទៅជំរាបសួរសុខទុក្ខ ពលរដ្ឋនាពេលដ៏ខ្លីខាងមុខ។

លោក នឹងជំរាបជូនដំណឹងលំអិត នៅពេលក្រោយទៀត៕

To Top