ភ្នំពេញ៖ ដើម្បីធានាបាននូវសុខភាព សុវត្ថិភាព និងទទួលបាននូវភាព កក់ក្តៅក្នុងការទទួលទាន ចំណីអាហារជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកីឡាករអុំទូក ដែលអញ្ជើញមកចូលរួម កម្សាន្ដក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ដោយបានការឯកភាពពីគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ-អន្តរជាតិ បានចាត់តាំងឲ្យមន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល នាំយករថយន្តមន្ទីរពិសោធន៍ ចល័តផ្នែកម្ហូបអាហារ ចុះទៅអង្កេត ពិនិត្យទំនិញ ពិសេសចំណីអាហារ ដែលដាក់តាំងលក់ក្នុងបរិវេណ និងជុំវិញកន្លែងប្រារព្ធព្រះរាជពិធីបុណ្យ។
ក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា “ការត្រួតពិនិត្យនេះ គឺសំដៅពិនិត្យទៅលើអនាម័យ ស្លាកសញ្ញាផលិតផល ថ្ងៃផុតកំណត់រយៈពេលប្រើប្រាស់ និងសារធាតុគីមីហាមឃាត់ ដែលប្រើប្រាស់លើផលិតផលចំណីអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់”។
ទន្ទឹមនេះ មន្រ្តីកាំកុងត្រូល ក៏បានចែកផ្សាយនូវផ្ទាំងរូបភាព Poster និងបានណែនាំឲ្យអាជីវករ អ្នកលក់ដូរ និងប្រជាពលរដ្ឋ សូមមេត្តាពិនិត្យមើលលក្ខណៈ អនាម័យនៃការដាក់តាំងលក់ មិនត្រូវដាក់តាំងលក់ផលិតផលភេសជ្ជ: និងផលិតផលដទៃទៀត នៅក្រោមកំដៅថ្ងៃ ផលិតផល ហួស កាលបរិច្ឆេទកំណត់ប្រើប្រាស់ ឬទំនិញដែលមានសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកទទួលទាន៕



















