ព័ត៌មានជាតិ

ថ្ងៃទី១នៃបុណ្យអុំទូក មានពលរដ្ឋ​ចូលរួម​ កម្សាន្ត​សប្បាយ​ជាង ៥០​ម៉ឺន​នាក់​ ខណៈសន្តិសុខ សណ្តាប់ធ្នាប់ មាន​ភាពល្អប្រសើរ

​ភ្នំពេញ៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ថ្ងៃទី​១ ត្រូវ​នឹង​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩​ មាន​ទូក​ចូលរួម​ប្រកួត​ចំនួន ២៩៧​ទូក (​ទូក​អន្តរជាតិ​ចំនួន ៩៧​ទូក ស្រី ២​ទូក​)​ និងមានប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយជាង​ ៥០ម៉ឺននាក់​ ខណៈសន្តិសុខសណ្ដាប់ធ្នាប់​ មានភាពល្អប្រសេីរ​ ។ នេះបេីយោងតាម​ អគ្គស្នងការដ្ឋាននគរបាលជាតិ​ ។ 

​ពិនិត្យ​ជារួម​នៅ ថ្ងៃទី​១​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់មាន​ភាពល្អប្រសើរ ដែលមាន​ប្រពល​រដ្ឋ​មក​ចូលរួម​កម្សាន្ត​សប្បាយ ប្រមាណ ៥៥​ម៉ឺន​/៩០​ម៉ឺន​នាក់ (​ធៀប​ឆ្នាំ​២០១៨) ។​

​ជាការ​កត់សម្គាល់ ៖

១-​សភាពការណ៍​បទល្មើស​ព្រហ្មទណ្ឌ ៖ លួច ១​លើក (​ទីតាំង​ចំណុះ​ទូក​) បាត់​ម៉ូតូ ៣​គ្រឿង​។​

២-​សភាពការណ៍​គ្រោះថ្នាក់​ផ្សេងៗ កើតឡើង​ចំនួន ៦​លើក ក្នុងនោះ​៖ -​លិច​ទូក ៤​លើក ស្មើ ៤​ទូក (A10), -​កីឡាករ​ខ្យល់គរ ២​នាក់(A10) បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

៣-​លទ្ធផល​អន្ដរាគមន៍ និង​សង្គ្រោះ ៖

-​បាន​ជួយសង្គ្រោះ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ ៤.០៨៨​នាក់ (​ស្រី ១.០៤០​នាក់​) និង​បញ្ជូនទៅ មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ចំនួន ៩​នាក់ (​ប្រុស​) ។​

-​នៅ​គោលដៅ A10 បាន​អន្ដរាគមន៍​ជួយសង្គ្រោះ​ទូក​លិច ៤​គ្រឿង និង​កីឡាករ ៥៩​នាក់​។​

-​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ស្ដីពី ការបង្ការ ទប់ស្កាត់ និង​ពន្លត់​អគ្គិភ័យ​តាម​បណ្តា​យាន្ត​ដ្ឋា​ន ផ្ទះសំណាក់ ផ្ទះជួល ភោជនីយដ្ឋាន ហាង​លក់​ខោអាវ​… បាន​ចំនួន ២៥៧​កន្លែង និង​ចែក​ខិត្តប័ណ្ណ ជូន​ប្រជាពលរដ្ឋ អាជីវករ​ចំនួន ៣២២​សន្លឹក​។​ ​ដោយឡែក សភាពការណ៍​ក្រៅ​តំបន់​ប្រារព្ធ​ពិធីបុណ្យ ពុំមាន​អ្វី​គួរកត់សម្គាល់​។​

​សូមបញ្ជាក់ថា នៅក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំនេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិក្រសួងមហាផ្ទៃ បាន​ត្រៀម​កម្លាំងចម្រុះ ទាំង​ចំហរ និង​សម្ងាត់ ជាង​មួយ​ម៉ឺន​ប្រាំ​ពាន់​នាក់ សម្រាប់​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​។​

​យ៉ាងណាក៏ដោយ​កម្លាំង​ទាំងអស់​ តបាន​ត្រៀម​គ្រប់​ពេលវេលា ដើម្បី​ចេញ​ប្រតិបត្តិការ​អន្តរាគមន៍​ឲ្យ ​ទាន់ពេលវេលា​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​នៅពេល​ដែលមាន​បញ្ហា​កើតឡើង​ជាយថាហេតុ ៕

To Top