បរទេស:ប្រធានាធិបតីអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យបានធ្វើការប្រកាសថាប្រទេសអ៊ីរ៉ង់ បានរកឃើញអណ្តូងប្រេងថ្មីមួយ នៅភាគខាងត្បូងប្រទេស ដែលមានប្រេងឆៅក្នុងទំហំរហូត ទៅដល់ជាង៥០ពាន់ លានបារែល។
ការប្រកាសរបស់លោក Hassan Rouhani បានធ្វើឡើងនៅពេលអ៊ីរ៉ង់ កំពុងតែស្ថិតនៅក្នុងស្ថានភាពប្រឈម នឹងការដាក់ទណ្ឌកម្មរបស់អាមេរិក នៅក្រោយអាមេរិកបានសម្រេច ចិត្តដកខ្លួនដោយឯកតោភាគីពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរ របស់ខ្លួនជាមួយមហាអំណាច ពិភពលោកកាលពីឆ្នាំមុន។
លោក Rouhani បានធ្វើសេចក្តីប្រកាសនេះ នៅក្នុងសុន្ទរកថាមួយនៅទីក្រុងវាលខ្សាច់ Yazd ហើយគាត់បាននិយាយថា ប្លុកប្រេងឆៅថ្មីនេះស្ថិតនៅ ក្នុងខេត្ត Khuzestan ភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដែលជាកន្លែងឧស្សាហកម្មប្រេង ដ៏សំខាន់របស់ខ្លួនផងដែរ៕
ប្រែសម្រួល:ស៊ុនលី