ព័ត៌មានជាតិ

រីករាយកំសាន្តសប្បាយ និង កុំជឿពាក្យភូតកុហក់ ដោយក្រុមបំពុលសង្គមមួយចំនួន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងការអំពាវនាវ ឱ្យប្រជាពលរដ្ឋបន្ត ចូលរូមកំសាន្ត និងរីករាយ ក្នុងថ្ងៃចុងក្រោយនៃ ពិធីបុណ្យអុំទូកថ្ងៃនេះ និងមិនត្រូវជឿពាក្យភូតកុហក់ ដោយក្រុមបំពុលសង្គមមួយចំនួន ដែលមិនចង់ឃើញ ពីការរីកចម្រើនរបស់ ប្រទេសជាតិ នោះឡើយ។

តាមរយៈបណ្តាញសង្គមហ្វេសបុក សម្តេចតេជោ បានលើកឡើងថា សូមអញ្ជើញបងប្អូនជនរួមជាតិកំសាន្តសប្បាយ នៅក្នុងថ្ងៃចុងក្រោយ នៃពិធីបុណ្យអុំទូកថ្ងៃនេះ។ ពិធីបុណ្យអុំទូកបានកន្លងផុតទៅអស់២ថ្ងៃហើយ សង្ឃឹមថា បងប្អូនជនរួមជាតិ និងកូនក្មួយយុវជន ព្រមទាំងទេសចរជាតិ និងអន្តរជាតិបានចូលរួម កំសាន្តសប្បាយទាំងអស់គ្នា នៅទូទាំងប្រទេស។

សម្តេចបានបន្តថា ថ្ងៃទី ១២ វិច្ឆិកានេះ ជាថ្ងៃចុងក្រោយ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ នាំកូនចៅមកកំសាន្តសប្បាយ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក អោយបានច្រើនកុះករ។

សម្តេចតេជោ កត់សម្គាល់ថា “ជាធម្មតាទៅហើយ ជាពិសេសនៅ តាមបណ្តាខេត្តមួយចំនួន គឺលេចឮពាក្យចចាមអារាម និងពាក្យប្រឌិតភូតកុហក់បោកប្រាស់ ដោយជនអគតិដែលមានបំណងបំពុល និងបំប៉ោងបញ្ហាសន្តិសុខសង្គម បំណងធ្វើអោយពលរដ្ឋភ័យខ្លាច”។

សម្តេចនាយករដ្ឋមន្រ្តី អះអាងថា រាជរដ្ឋាភិបាលសូមធានា ជូននូវសន្តិសុខ ដល់បងប្អូនប្រជាពលរដ្ឋ មិនអោយមានអ្វីកើតឡើងឡើយ ជាពិសេស ក្នុងរដូវបុណ្យទាននេះតែម្តង។ “សូមកុំជឿពាក្យភូតកុហក់ដោយក្រុម បំពុលសង្គមមួយចំនួនតូច ដែលមិនចង់ឃើញពីការរីកចម្រើនរបស់ប្រទេសជាតិ”៕

To Top