កោះកុង : លោក ឈុន សំឃីត ប្រធានស្តីទី មន្ទីរទេសចរណ៍កោះកុង បានប្រាប់ឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក មានភ្ញៀវជាតិ-អន្តរជាតិ មកដំណើរកំសាន្ត នៅលើទឹកដីខេត្តកោះកុងតាមរមណីដ្ឋាននានា មានចំនួន៣១,៩៩១នាក់ ហើយមានភ្ញៀវមកកំសាន្ត នៅតាមរម្មណីយដ្ឋាន និងសហគមន៍ទេសចរណ៍ ភ្ញៀវជាតិ មាន១៧,២៨៥នាក់ ភ្ញៀវអន្តរជាតិ ១,១៩៤នាក់។
លោក ឈុន សំឃីត ប្រាប់បន្តថា ដើម្បីធ្វើឲ្យមានភ្ញៀវទេសចរណ៍ ជាតិ-អន្តរជាតិ អញ្ជើញចូលមកដំណើរកំសាន្ត តាមរម្មណីយដ្ឋាន តាមសហគមន៍អេកូរ ទេសចរណ៍នានា ខេត្តកោះកុង បានរៀបចំនូវហេដ្ឋាចរនាសម្ព័ន្ធ បានល្អ មានផាសុខភាព ការពារនូវសុវត្តិភាព ភ្ញៀវជាតិ.អន្តរជាតិ មានភាពទំនុកទុក្ខ ដល់ពួកគាត់ឲ្យមានសុវត្តិភាព ដើម្បីទាក់ទាញភ្ញៀវជាតិ.អន្តរជាតិ មានកំណើនភ្ញៀវទេសចរណ៍មានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបញ្ជាក់ថា ជាក់ស្តែងរយៈពេល៣ថ្ងៃនេះ(១០-១២ខែវិច្ឆិកាឆ្នាំ២០១៩) នៃការឈប់សំរាក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកឆ្នាំ២០១៩នេះ សប្បាយតាមរមណីយ៍ដ្ឋានៗនានា ឃើញមានភ្ញៀវចូល មកកំសាន្តច្រើន ប្រកបដោយភាពសប្បាយរីករាយ ពុំមានអ្វីគួរឲ្យព្រួយបារម្មណ៍ឡើយ ហើយក្នុងឆ្នាំនេះមានភ្ញៀវ ទេសចរណ៍ជាតិ កើនឡើងបើប្រៀបធៀប ទៅនឹងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកឆ្នាំ២០១៨។ ចំពោះចំណីម្ហូបអាហារតាមរមណីយ៍ដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ មិនមែនមានអ្វីកែប្រែឡើយ តម្លៃសមរម្យដូចរាល់ថ្ងៃ មិនមានការតំឡើងថ្លៃនោះទេ៕