នយោបាយ

មនុស្សជំនិត ៖ ជំនួបរវាងលោក កឹម សុខា និងEU មិនបាននិយាយឲ្យចំរឿង EBA

ភ្នំពេញ ៖ លោក មុត ចន្ថា មនុស្សជំនិត របស់លោក កឹម សុខាបានអះអាថា ចំពោះជំនួបរវាងលោក កឹម សុខា ដែលជាអតីតប្រធាន គណបក្សសង្រ្គោះជាតិ(CNRP) ជាមួយឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំកម្ពុជាលោកស្រី ខាមិន ម៉រីណូ (Carmen Moreno) មិនបាននិយាយទាក់ទងបញ្ហា EBA ឡើយ គឺនិយាយអ្វី ដែលជាផលប្រយោជន៍សម្រាប់កម្ពុជា ។

ការលោកស្រី ខាមិន ម៉រីណូ ជួបលោក កឹម សុខា នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ស្របពេលកាលពីថ្ងៃ១២ វិច្ឆិកា គណៈកម្មការអឺរ៉ុប (EU) ទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប ក្រោយបញ្ចប់របាយការណ៍បឋម ស្តីពីការផ្អាក EBA បណ្តោះអាសន្ន ។

ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួប រវាងលោក កឹម សុខា ថ្ងៃ១៣ វិច្ឆិកា លោក មុត ចន្ថា ថា ទូតសហភាពអឺរ៉ុបមកជួបលោក កឹម សុខាព្រោះឃើញលោកត្រូវបាន បន្ធូរបន្ថយនូវលក្ខខណ្ឌតាមផ្លូវតុលាការមួយចំនួន ។

តបទៅនឹងសំណួររបស់អ្នកព័ត៌មានអំពី EU ចាប់ផ្តើមផ្អាកជាបណ្តោះអាសន្ននូវ EBA លោក មុត ចន្ថា តបដោយមិនចំការសួរទេ ។ ដោយឆ្លើយពង្វៀងថា “និយាយចំយើងជជែកអំពីអ្វី ដែលជាផលប្រយោជន៍ សម្រាប់ប្រជាជនកម្ពុជា សម្រាប់ប្រទេសកម្ពុជា ជជែកអ្វីដែលជាផលចំណេញទាំងអស់គ្នា ។ ខ្ញុំមិនចង់អត្ថាធិប្បាយ អ្វីដែលជាការចំណេញ ការធ្វើឲ្យប្រទេសជាតិ យើងរីកចម្រើន ធ្វើឲ្យមានវឌ្ឍនៈភាព” ។

ពាក់ព័ន្ធផ្លូវច្បាប់វិញ លោកមិនទាន់ហ៊ានអះអាងថា លោក កឹម សុខា នឹងរួចផុតពីបទចោទប្រកាន់ របស់តុលា និងមានសេរីភាពពេញលេញគ្រប់គ្រាន់នៅឡើយទេ ។ ដោយលោកក៏មិនទាន់ហ៊ានសន្និដ្ឋានទេ ព្រោះនីតិវិធីស្ថិតនៅលើតុលាការ ។

សូមបញ្ជាក់ថា គោលបំណងនៃនីតិវិធីរបស់គណៈកម្មការអឺរ៉ុប ដើម្បីដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា ស្របពេលសហភាពអឺរ៉ុប នៅតែប្តេជ្ញាធ្វើការជាមួយអាជ្ញាធរកម្ពុជា កែលម្អពិតប្រាកដ និងគួរឲ្យទុកចិត្តលើបញ្ហាដែលត្រូវព្រួយបារម្ភ គឺការចាំបាច់ចៀសវាងការដក EBA ៕
ដោយ៖ធី លីថូ

To Top